(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃប្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា មានករណីឆ្លង COVID-19 ថ្មីៗ ចំនួន ២,២៣៤ករណីបន្ថែមទៀត ត្រូវបានរកឃើញ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត បើរាប់ចាប់តាំងពីផ្ទុះករណីឆ្លងជំងឺរាតត្បាតសកលនេះមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
បើតាមការបញ្ជាក់របស់ក្រសួង ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មានតែ ០៥ករណីប៉ុណ្ណោះដែលជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងស្រុកទាំងអស់។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ០៣នាក់បន្ថែទៀតផងដែរ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសម៉ាឡេស៊ី បានកត់ត្រាករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៧៨,៤៩៩ករណី ក្នុងនោះស្លាប់ ៣៩៦នាក់ និងជាសះស្បើយ ៦៦,២៣៦នាក់ ឬស្មើនឹង៨៤.៤%៕