(បាងកក)៖ ក្រុមសកម្មជនប្រជាធិបតេយ្យថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានប្រមូលផ្តុំគ្នានៅឯការិយាល័យនៃអង្គការសហប្រជាជាតិនៅទីក្រុងបាងកករ ដើម្បីស្នើឲ្យស្ថាប័នមួយនេះ ដាក់សម្ពាធលើព្រះមហាក្សត្រថៃ ឲ្យលុបចោលច្បាប់បរិហារកេរ្តិ៍ ដែលពួកគេបានចាត់ទុកថា កំពុងត្រូវបានប្រើប្រាស់ដើម្បីបង្ក្រាបចលនារបស់អ្នកប្រជាធិបតេយ្យ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០។
ក្នុងចំណោមសកម្មជនរាប់សិបនាក់ នៅមុខការិយាល័យអង្គការសហប្រជាជាតិគឺលោក Somyot Prueksakasemsuk មានអាយុ ៥៩ឆ្នាំ ដែលកាលពីមុន លោកធ្លាប់ជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ សម្រាប់ការផ្សព្វផ្សាយសារពត័មានមិនពិត ជុំវិញរាជវង្សានុវង្ស។
លោក Prueksakasemsuk បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា«ច្បាប់បរិហាកេរិ៍នេះ មិនល្អសម្រាប់រូបភាពរាជាធិបតេយ្យនៅប្រទេសថៃទេ»។ ជាមួយគ្នានេះ លោកក៏បានបន្ថែមទៀថា អ្នកជាប់ទោសពីបទបរិហារកេរ្តិ៍រាជវង្ស ត្រូវបានគេចាត់ទុកដូចជាសត្វធាតុ នៅក្នុងពន្ធនាគារ។
គួរបញ្ជាក់ថា បាតុកម្មនៅទីក្រុងបាងកកបានផ្ទុះឡើង ចាប់តាំងពីពាក់កណ្តាលខែកក្កដាមកម្ល៉េះ ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក ប្រាយុទ្ធ ចាន់អូចា និងជាអតីតមេដឹកនាំយោធាផងនោះ លាលែងចេញពីតំណែង និងកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រថ្មីព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn)៕