(សេអ៊ូល)៖ កូរ៉េខាងត្បូងកំពុងរៀបចំឃ្លាំងក្លាសេដ៏ធំមួយ មានសីតុណ្ហភាពត្រជាក់បំផុតរបស់ក្រុមហ៊ុន ខូរៀនស៊ូពើហ្វ្រីស (Korea Superfreeze) ដើម្បីស្ដុកទុកវ៉ាក់សាំង COVID-19 ដែលបញ្ជាទិញពីក្រុមហ៊ុន Pfizer និង BioNTech មុនគេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០។
បើតាមនាយកប្រតិបត្តិក្រុមហ៊ុន Korea Superfreeze លោក គីម ជីនហា (Kim Jin-ha) ឃ្លាំងក្លាសេក្រុមហ៊ុនរបស់លោក ក្នុងទីក្រុង ព្យុងតេក (Pyeongtaek) ស្ថិតនៅចំងាយ ៦៥គីឡូម៉ែត្រពី ទីក្រុងសេអ៊ូល គឺជាជម្រើសល្អបំផុតតែមួយគត់ ក្នុងប្រទេសកូរ៉េខាងត្បូង ដែលសក្តិសមសម្រាប់ការស្ដុកទុកវ៉ាក់សាំង COVID-19 នៃក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech ដែលតម្រូវឱ្យរក្សាទុកនៅក្រោមសីតុណ្ហភាព -៧០អង្សាសេ។ លោក Kim បានបន្ថែមថា ឃ្លាំងទាំងនោះប្រើប្រាស់ឧស្ម័ន LNG ដើម្បីរក្សាស៊ីតុណ្ហភាពត្រជាក់ បានល្អជាងឃ្លាំងដែលប្រើប្រាស់ ថាមពលអគ្គិសនី។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងត្រូវបានគេរាយការណ៍ថា បានបញ្ជាទិញវ៉ាក់សាំង COVID-19 អភិវឌ្ឍដោយក្រុមហ៊ុនអាមេរិក Pfizer សហការក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ចំនួន ២០លានដូស , ក្រុមហ៊ុន Moderna ចំនួន ២០លានដូស និងក្រុមហ៊ុន AstraZeneca ចំនួន ២០លានដូស។ មិនតែប៉ុណ្ណោះ កូរ៉េខាងត្បូងក៏ត្រៀមទិញវ៉ាក់សាំង ០៤លានដូសទៀតពីក្រុមហ៊ុន Johnson & Johnson ផងដែរ ហើយដែលវ៉ាក់សាំងទាំងនេះគឺ គ្រប់គ្រាន់ចាក់ជូនប្រជាជនរបស់ខ្លួន ៣៤លាននាក់ នៃប្រជាជនសរុប ៥១.៨លាននាក់៕