(ប៉េកាំង)៖ មន្ត្រីសុខាភិបាលចិនបានឲ្យដឹងថា ខ្លួនគ្រោងចាប់ផ្តើមកម្មវិធី ចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋទូទៅនៅខេត្តស៊ីឈួន (Sichuan) នៅដើមឆ្នាំក្រោយ បើទោះបីជាមិនទាន់ទទួលបាន ការយល់ព្រមជាផ្លូវការក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០។
រហូតមកទល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ១លាននាក់ នៅក្នុងប្រទេសចិនបានទទួលវ៉ាក់សាំងរួចហើយ បន្ទាប់ពីបេក្ខភាពវ៉ាក់សាំង ដែលក្រុមហ៊ុនចិនបានអភិវឌ្ឍឡើង ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ នៅក្នុងករណីបន្ទាន់។ ទោះជាយ៉ាងណាក៏ដោយ ការចាក់វ៉ាក់សាំងចំពោះ ក្រុមមនុស្សមានអាទិភាពដូចជា បុគ្គលិករដ្ឋ និងនិស្សិតដែលត្រូវទៅសិក្សានៅបរទេស នៅមានចំនួនកំណត់នៅឡើយ។
គួរបញ្ជាក់ថា ប្រទេសចិនមានបេក្ខភាពវ៉ាក់សាំង COVID-19 សរុបចំនួន ០៥ ដែលសុទ្ធតែកំពុងស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្តចុងក្រោយ ក៏ប៉ុន្តែមិនទាន់មានបេក្ខភាពវ៉ាក់សាំងណាមួយ ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការ ពីនិយ័តករឱសថចិននៅឡើយទេ ហើយលទ្ធផលនៃការធ្វើតេស្តសាកល្បង នៅក្នុងដំណាក់កាលចុងក្រោយ ក៏មិនទាន់ចេញផ្សាយដែរ។ ទោះជាបែបនេះក្តី មន្ត្រីសុខាភិបាលប្រចាំខេត្ត Sichuan មួយរូប បានថ្លែងថា ពលរដ្ឋនៅក្នុងខេត្តស៊ីឈួន នឹងទទួលបានវ៉ាក់សាំង បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី នៅខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមមន្ត្រីចិនបានបញ្ជាក់ថា វ៉ាក់សាំង COVID-19 ចំនួន ១១៨,០០០ដូស បានមកដល់ខេត្តភាគនិរតីនេះរួចហើយ សម្រាប់ចាក់ជូនក្រុមមនុស្ស ដែលមានហានិភ័យខ្ពស់ ឲ្យបានគ្រប់ៗគ្នានៅមុនថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ មុនពេលចាប់ផ្តើមកម្មវិធីចាក់វ៉ាកសាំងដល់ប្រជាជនផ្សេងៗទៀត ប៉ុន្តែពួកគេមិនបានបញ្ជាក់ពីប្រភពរបស់វ៉ាក់សាំងឡើយ។ ស៊ីឈួន គឺជាខេត្តដំបូងគេនៅក្នុងប្រទេសចិន ដែលបានកំណត់ពេលវេលា នៃផែនការចាក់វ៉ាក់សាំង សម្រាប់ប្រជាជនរបស់ខ្លួន៕