(តូក្យូ)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ថ្ងៃសុក្រនេះបានប្រកាសឲ្យដឹងថា ខ្លួនបានដាក់ពាក្យស្នើសុំការប្រើប្រាស់វ៉ាក់សាំង COVID-19 ក្នុងករណីបន្ទាន់បន្ទាប់ពីបានទទួលបានការអនុញ្ញាត នៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិករួចមកហើយនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០។
រដ្ឋាភិបាលជប៉ុនបានចុះកិច្ចព្រមព្រៀង ទិញវ៉ាក់សាំង COVID-19 ចំនួន ១២០លានដូស ពីក្រុមហ៊ុន Pfizer និងក្រុមហ៊ុនដៃគូអាល្លឺម៉ង់ BioNTech រួចទៅហើយ ដើម្បីរង់ចាំការអនុម័តពីអាជ្ញាធរសុខាភិបាល។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា ក្រុមហ៊ុន Pfizer បានដាក់ពាក្យស្នើសុំទៅកាន់ក្រសួងសុខាភិបាលជប៉ុន រួមជាមួយការបង្ហាញទិន្នន័យ ស្តីពីការធ្វើតេស្តសាកល្បង ដែលក្រុមហ៊ុននេះបានអនុវត្តនាពេលកន្លងមក។
គួរបញ្ជាក់ថា មុនការប្រកាសរបស់ក្រុមហ៊ុន Pfizer ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុនលោក កាត់ស៊ូណូប៊ុ កាតុ (Katsunobu Kato) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ យ៉ាងដូច្នេះថា ប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំង គឺជាអាទិភាពចម្បង។ លោក Kato បានបន្ថែមទៀតថា ប្រទេសជប៉ុនសង្ឃឹមថា ពលរដ្ឋជប៉ុនទាំងអស់នឹងទទួលបានវ៉ាក់សាំង នៅត្រឹមឆមាសទីមួយនៃឆ្នាំ២០២១ ហើយរដ្ឋាភិបាលជប៉ុននឹងបន្ត កិច្ចខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីអនុវត្តតាមផែនការនេះ៕