(បាងកក)៖ ប្រទេសថៃ នៅថ្ងៃសុក្រនេះ បានរកឃើញករណីឆ្លងជំងឺ COVID-19 សហគមន៍ថ្មីៗ ចំនួន៤ ករណីបន្ថែមទៀត ខណៈប្រទេសអាស៊ានមួយនេះបានចាប់ផ្តើមបើក ប្រទេសឡើងវិញសម្រាប់ភ្លៀវទេសចរ បន្ទាប់ពីបានគ្រប់គ្រងការឆ្លងរីករាលដាលនៃវីរុសនេះ អស់រយៈពេលជាច្រើនខែ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងសន្និសីទសារព័ត៌មានមួយ មន្ត្រីសុខាភិបាល លោក Sopon Iamsirithaworn បានឲ្យដឹងថា ស្ត្រីអាយុ ៦៧ ឆ្នាំម្នាក់ ដែលជាអ្នកលក់បង្គានៅក្នុងខេត្តសាមុតសាខន (Samut Sakhon) បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ហើយសមាជិកគ្រួសារគាត់ ៣នាក់ទៀត ក៏បានឆ្លងជំងឺដ៏កាចសាហាវនេះពីគាត់ផងដែរ។ មន្ត្រីរូបនេះបានបន្ថែមទៀតថា ស្ត្រីខាងលើ មិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសនោះទេ ហើយយើងកំពុងរង់ចាំលទ្ធផលធ្វើតេស្តលើមនុស្សសរុបចំនួន ១៦៥ នាក់ផ្សេងទៀត ដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយគាត់។ នៅក្នុងសន្និសីទដដែល អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺ លោក Opas Karnkawinpong បានលើកឡើងដូច្នេះថា៖ «នាពេលនេះយើងកំពុង ប្រមូលព័ត៌មានដើម្បីកំណត់ប្រភពដើមនៃករណីឆ្លងនេះ»។
គួរបញ្ជាក់ថា ប្រទេសថៃ បានកត់ត្រាករណីឆ្លងក្នុងស្រុកមួយចំនួន នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយភាគច្រើន គឺជាករណីដែលរកឃើញនៅក្នុងចំណោម មនុស្សដែលត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) បន្ទាប់ពីពួកគេបានប៉ះពាល់ជាមួយអ្នកជំងឺ។ ចំណែកឯ ករណីឆ្លងថ្មីៗផ្សេងទៀតគឺជាករណីនាំចូលពីបរទេស៕