(ហ្សាការតា)៖ រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ីលោក ប៊ូទី ហ្គាណាទី សាទីគីន (Budi Gunadi Sadikin) បានឱ្យដឹងថា ប្រទេសរបស់លោកនឹងចាប់ផ្ដើម យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១។
លោក Budi Gunadi Sadikin ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃអង្គារនេះ។ លោក Budi បានបញ្ជាក់បន្ថែមថា ការចាក់វ៉ាក់សាំងនឹងត្រូវធ្វើឡើង នៅក្នុងរដ្ឋធានីហ្សាការតា ហើយលោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) នឹងទទួលការចាក់វ៉ាក់សាំងមុនគេ ខណៈយុទ្ធនាការចាក់វ៉ាក់សាំង នៅតាមតំបន់ដទៃ នឹងត្រូវចាប់ផ្ដើមនៅពីរថ្ងៃក្រោយ បន្ទាប់ពីថ្ងៃទី១៣ ខែមករា។
គួរបញ្ជាក់តាមរដ្ឋាភិបាលឥណ្ឌូណេស៊ី ធ្លាប់បានប្រកាសថា បុគ្គលិកជួរមុខប្រយុទ្ធប្រឆាំងនឹង COVID-19 នឹងត្រូវស្ថិតនៅក្នុងចំណោមមនុស្ស ដែលនឹងទទួលបានការចាក់វ៉ាក់សាំង ផលិតដោយក្រុមហ៊ុនចិន Sinovac Biotech មុនគេ។ បើតាមគេហទំព័រ worldometers បច្ចុប្បន្នឥណ្ឌូណេស៊ី ដែលជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត នៅក្នុងតំបន់អាស៊ីគ្នេយ៍ មានអ្នកឆ្លង COVID-19 សរុប ៧៧២,១០៣ករណី ក្នុងនោះមានអ្នកស្លាប់ ២២,៩១១នាក់ និងជាសះស្បើយឡើងវិញ ៦៣៩,១០៣នាក់៕