(តេហេរ៉ង់)៖ អនុរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក អាប់បាស់ អារ៉ាកឈី (Abbas Araghchi) បានច្រានចោលការចោទប្រកាន់ របស់អ៉ីស្រាអែលដែលថា ប្រទេសរបស់លោកកំពុងផលិតអាវុធនុយក្លេអ៊ែរ ជាមួយការចាប់ផ្ដើមបង្កើន ការចម្រាញ់សារធាតុអ៉ុយរ៉ាញ៉ូម ឱ្យដល់កម្រិត ២០ភាគរយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១។
នៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ IRIB TV2 នៅដើមសប្ដាហ៍នេះ លោក Abbas Araghchi បានគូសបញ្ជាក់ដូច្នេះថា «ការចោទប្រកាន់របៀបនេះ យើងធ្លាប់លឺជាច្រើនដងរួចមកហើយ ចេញពីមាត់ជនជាតិអ៉ីស្រាអែល ដែលជាការចោទប្រកាន់គ្មានមូលដ្ឋាន និងទទេស្អាត។ របបមួយ (អ៉ីស្រាអែល) ដែលមានអាវុធនុយក្លេអ៊ែររួចទៅហើយ មិនអាច និងមិនគួរណាឡើយមកចោទប្រកាន់ថា អ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរទាល់តែសោះ»។
នៅថ្ងៃចន្ទសប្ដាហ៍នេះអ៉ីរ៉ង់បានប្រកាសថា ខ្លួនបានចាប់ផ្ដើមចម្រាញ់សារធាតុអ៉ុយរ៉ាញ៉ូម ឱ្យដល់កម្រិត ២០ភាគរយ នៅឯរោងចក្រនុយក្លេអ៊ែរ ហ្វរដូ (Fordow)។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានចោទប្រកាន់ត្រង់ៗតែម្ដងថា ទីក្រុងតេហេរ៉ង់កំពុងចាប់ផ្ដើមផលិតអាវុធនុយក្លេអ៊ែរ តាមរយៈការបង្កើនការចម្រាញ់សារធាតុអ៉ុយរ៉ាញ៉ូមនេះ ហើយអ៉ីស្រាអែលក៏បានសន្យាដែរថា នឹងរារាំងមិនឱ្យអ៉ីរ៉ង់ មានអាវុធនុយក្លេអ៊ែរជាដាច់ខាត។
គួរបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីឆ្នាំ២០១៥ អ៉ីរ៉ង់ត្រូវបានអនុញ្ញាតឱ្យចម្រាញ់សារធាតុអ៉ុយរ៉ាញ៉ូម ត្រឹមកម្រិត ៣.៦៧ភាគរយប៉ុណ្ណោះ។ ប៉ុន្តែអ៉ីរ៉ង់ចាប់ផ្ដើមបង្កើន ការចម្រាញ់លើសកម្រិតកំណត់នេះ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ និងចាប់ផ្ដើមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ឡើងវិញ។ បន្ថែមពីលើនេះ អ៉ីរ៉ង់រឹតតែបង្កើនការចម្រាញ់សារធាតុអ៉ុយរ៉ាញ៉ូម កាន់តែខ្លាំង បន្ទាប់ពីអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៉ីរ៉ង់ លោក ម៉ូហ៍សិន ហ្វាគ្រីហ្សាដេស៍ (Mohsen Fakhrizadeh) ត្រូវបានគេធ្វើឃាតកាលពីខែវិច្ឆិកា ឆ្នាំ២០២០៕