(ញូដេលី)៖ តុលាការកំពូលប្រទេសឥណ្ឌានាថ្ងៃអង្គារនេះ បានសម្រេចច្រានចោលញ្ញត្តិ ដែលប្រឆាំងតវ៉ាចំពោះគម្រោងអភិវឌ្ឍ ប្រកបដោយមហិច្ឆតារបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ពាក់ព័ន្ធនឹងតំបន់ដ៏ធំមួយ នៅកណ្តាលរដ្ឋធានីឥណ្ឌាហៅថា សិនត្រល វីស្តា (Central Vista)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១។
គម្រោងខាងលើដែលមានតម្លៃដល់ទៅ ២.៦ពាន់លានដុល្លារអាមេរិក ផ្តោតទៅលើការផ្លាស់ប្តូរសោភ័ណ្ឌភាពតំបន់ Central Vista ទាំងស្រុង ដែលពីដើមមកត្រូវបានរចនាឡើង ដោយក្រុមស្ថាបត្យករអង់គ្លេស អំឡុងសម័យអាណានិគម។ តំបន់នេះស្ថិតនៅចំបេះដូងនៃទីក្រុងញូដេលី និងលាតសន្ធឹងប្រវែង ០៣គីឡូម៉ែត្រ ដោយមាននូវអគាររដ្ឋាភិបាលជាច្រើន ដែលបន្សល់ទុកពីសម័យអាណានិគមអង់គ្លេស រួមមានទាំងវិមានសភា ព្រមទាំងវិមានប្រធានាធិបតី និងវិមាននាយករដ្ឋមន្រ្តីឥណ្ឌាជាដើម។
គួរបញ្ជាក់ថា នេះគឺជាលើកទីពីរហើយ ដែលតុលាការកំពូលឥណ្ឌា បានសម្រេចគាំទ្រចំពោះគម្រោង Central Vista។ កាលពីខែធ្នូ ឆ្នាំ២០២០ លោក ម៉ូឌី បានរៀបចំពិធីបញ្ចុះបឋមសិលា សម្រាប់ការសាងសង់អគារសភាថ្មី ដែលនឹងផ្តោតលើរចនាបថឥណ្ឌាផ្ទាល់ ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញថា តើក្រោយពីបានឯករាជ្យរយៈពេលជាង ៧០ឆ្នាំមកនេះ ប្រទេសឥណ្ឌាមានភាពទំនើបជឿនលឿន និងអភិវឌ្ឍដល់កម្រិតណា។ ដំណើរការសាងសង់វិមានសភាថ្មីនេះ ស្ថិតក្រោមការចាត់ចែងរបស់ ក្រុមហ៊ុនសំណង់កំពូលមួយរបស់ឥណ្ឌាគឺ តាតា (Tata Projects Limited)