(តេហេរ៉ង់)៖ អ៉ីរ៉ង់ នឹងមិនប្រញាប់ប្រញាល់ចង់ឱ្យសហរដ្ឋអាមេរិក ត្រលប់ចូលរួមក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥វិញនោះទេ បន្ទាប់ពីលោក ចូ បៃដិន ស្បថចូល កាន់តំណែងជាប្រធានាធិបតីផ្លូវការ នៅថ្ងៃទី២០ ខែមករានេះ។ នេះបើតាមលោក Ayatollah Ali Khamenei ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។

មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ នៅថ្ងៃសុក្រនេះ។ ថ្លែងនាឱកាសនោះ លោក Ali Khamenei បានសង្កត់ធ្ងន់ដែរថា សហរដ្ឋអាមេរិក ត្រលប់ ឬមិនត្រលប់មកចូលរួមក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ មិនមែនជាបញ្ហានោះទេ តែអ្វីដែលសំខាន់នោះ គឺការដកទណ្ឌកម្មសេដ្ឋកិច្ចឯកភាគីចេញពីអ៉ីរ៉ង់។

លោក Ali Khamenei បានបន្ថែមដូច្នេះថា៖ «យើងមិនប្រញាប់ប្រញាល់ ហើយក៏មិនទទូចចង់ឱ្យសហរដ្ឋអាមេរិក ត្រលប់មកវិញដែរ។ តែអ្វីដែលសំខាន់នៅពេលនេះ គឺយើង ចង់ឱ្យពួកគេដកទណ្ឌកម្មសេដ្ឋកិច្ចឯកតោភាគី ដែលប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ បានដាក់មកលើពួកយើង បន្ទាប់ពីដកសហរដ្ឋអាមេរិកចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីឆ្នាំ២០១៨»

គួរបញ្ជាក់ថា ក្រោយលោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីឆ្នាំ២០១៨មក ទីក្រុងហេរ៉ង់ បានព្យួរចោលនូវកាតព្វកិច្ចរបស់ ខ្លួនដែលមានចែងនៅក្រោមកិច្ចព្រមព្រៀងនេះជាបន្តបន្ទាប់។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ៉ីរ៉ង់ បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់២០ភាគរយ។
យ៉ាងណាក៏ដោយ លោក ចូ បៃដិន នៅតែមិនទាន់បង្ហើបពីផែនការថាលោកនឹងនាំសហរដ្ឋអាមេរិក ចូលក្នុងកិច្ចព្រមព្រៀងនេះវិញឬក៏យ៉ាងណានោះដែរ ខណៈក្រុមអ្នកជំនាញ ជាច្រើនយល់ថា គោលនយោបាយមួយចំនួនរបស់រដ្ឋបាលលោក ត្រាំ ចំពោះអ៉ីរ៉ង់ អាចនឹងនៅតែត្រូវបានប្រើប្រាស់ដដែល ទាស់ខុសគ្នាត្រង់វិធីសាស្ត្រតែប៉ុណ្ណោះ៕