(តៃប៉ិ)៖ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក ចូសិព វូ (Joseph Wu) នៅថ្ងៃចន្ទនេះបាននិយាយថា ការដែលសហរដ្ឋអាមេរិក សម្រេចដកការរឹតត្បិត ចេញពីការធ្វើទំនាក់ទំនងជាមួយមន្រ្តីតៃវ៉ាន់ នោះគឺជារឿងធំមួយ ខណៈទំនាក់ទំនងរវាងភាគីទាំងពីរត្រូវបានលើកកម្ពស់ ឲ្យក្លាយជាភាពជាដៃគូអន្តរជាតិ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១។
លោក Wu បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «នេះជាវិវឌ្ឍដ៏ធំមួយ ទៅលើទំនាក់ទំនងតៃវ៉ាន់-អាមេរិក ដោយទំនាក់ទំនងរវាងភាគីទាំងពីរត្រូវបានលើកតម្កើង ឲ្យក្លាយទៅជាភាពជាដៃគូអន្តរជាតិមួយ។ ក្រសួងការបរទេសតៃវ៉ាន់ នឹងមិនធ្វេសប្រហែសឡើយ ហើយខ្លួនក៏សង្ឃឹមដែរថា នឹងអាចបន្តជំរុញការអភិវឌ្ឍ នៃចំណងទាក់ទងតៃវ៉ាន់-អាមេរិក»។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានប្រកាសដកការរឹតត្បិត ចេញពីការធ្វើទំនាក់ទំនងជាមួយមន្រ្តីតៃវ៉ាន់ កាលពីខែសៅរ៍ចុងសប្តាហ៍នេះ ស្របពេលដែលរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវផុសអាណត្តិក្នុងពេលឆាប់ៗនេះ។ ទីក្រុងប៉េកាំងមិនទាន់បានឆ្លើយតប ជាផ្លូវការណាមួយ ចំពោះសេចក្តីប្រកាសរបស់អាមេរិក ខាងលើនេះនៅឡើយទេ។
គួរបញ្ជាក់ថា អំឡុងអាណត្តិរបស់លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកបានបង្កើនការលក់សព្វាវុធ ទៅឲ្យកោះតៃវ៉ាន់ ហើយមន្រ្តីជាន់ខ្ពស់អាមេរិកជាច្រើនរូប ត្រូវបានបញ្ជូនឲ្យមកធ្វើទស្សនកិច្ច នៅទីក្រុងតៃប៉ិផងដែរ។ នៅថ្ងៃពុធសប្តាហ៍នេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី ឃែលលី ក្រាហ្វត៍ (Kelly Craft) នឹងមកដល់តៃវ៉ាន់ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ០៣ថ្ងៃ ខណៈគម្រោងទស្សនកិច្ចនេះ ត្រូវបានចិនព្រមាន និងប្រឆាំងយ៉ាងដាច់អហង្ការរួចទៅហើយ៕