(ប៉ាស៉ីហ្វិក)៖ ប្រទេសដែនកោះ មីក្រូនេស៉ី (Micronesia) ដែលស្ថិតនៅដាច់ឆ្ងាយក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក នាថ្ងៃចន្ទនេះ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លង COVID-19 ជាលើកដំបូងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១។
ប្រធានាធិបតីមីក្រូណេស៉ី លោក ដេវីដ ផេនូអ៊ែឡូ (David Panuelo) បានទទួលស្គាល់ថា ការលេចឡើងជាលើកដំបូងនូវករណីឆ្លង COVID-19 ក្នុងប្រទេសលោក គឺជារឿងគួរឲ្យបារម្ភមួយសម្រាប់ប្រជាជនជាង ១០០,០០០នាក់របស់ប្រជាជាតិប៉ាស៉ីហ្វិកមួយនេះ ប៉ុន្តែលោកប្រធានាធីបតីបានបញ្ជាក់ថា ករណីឆ្លងគឺត្រូវបានគេទប់ស្កាត់ នៅព្រំដែនឯណោះទេ។
លោក David Panuelo បានថ្លែងនៅក្នុងសុន្ទរកថាមួយ តាមកញ្ចក់ទូរទស្សន៍ថា «សម្រាប់ហេតុផលនេះ ពលរដ្ឋនៅទូទាំងប្រទេសគួរតែរក្សាភាពស្ងប់ស្ងាត់ និងកុំភ័យស្លន់ស្លោ ព្រោះស្ថានការណ៍ ត្រូវបានគ្រប់គ្រងរួចរាល់ហើយ»។
លោក Panuelo បានបន្ថែមថា ករណីវិជ្ជមានខាងលើ ត្រូវបានរកឃើញលើនាវិកម្នាក់នៃកប៉ាល់មួយគ្រឿងរបស់រដ្ឋាភិបាលមីក្រូណេស៉ី ឈ្មោះថា ឈីហ្វ ម៉ៃឡូ (Chief Mailo) ដែលទើបតែត្រលប់មកពីធ្វើការជួសជុល នៅប្រទេសហ្វីលីពីន។ អ្នកធ្វើតេស្តវិជ្ជមាន ព្រមទាំងបុគ្គលិកដទៃទៀត កំពុងបន្តស្ថិតនៅលើកប៉ាល់ ក្រោមការតាមដានយ៉ាងដិតដល់។
គួរបញ្ជាក់ថា រយៈពេលប្រមាណមួយឆ្នាំមកនេះ បណ្តាប្រទេសដែនកោះ ដែលស្ថិតនៅដាច់ស្រយាល នៃតំបន់ប៉ាស៉ីហ្វិក បានស្ថិតក្នុងចំណោមប្រទេស ដែលទទួលជោគជ័យបំផុតលើពិភពលោក ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃ COVID-19 មិនឲ្យចូលទៅកាន់ប្រទេសរបស់ខ្លួន ដោយសារការបិទព្រំដែនបានទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ពីជំងឺរាតត្បាតសកលនេះ បើទោះបីជាសេដ្ឋកិច្ចដែលពឹងផ្អែក លើវិស័យទេសចរណ៍របស់ប្រទេសទាំងនេះ ត្រូវលះបង់តម្លៃធំធេងក៏ដោយ។
ប្រទេសដែនកោះដូចជា វ៉ានូអាទូ (Vanuatu), សូឡូម៉ុង (Solomon), ម៉ាស់សល (Marshall), សាម៉ូអា (Samoa), និងមីក្រូណេស៊ី (Micronesia) ឥឡូវនេះបានបាត់បង់ឋានៈជាប្រទេស ដែលគ្មានករណីឆ្លង COVID-19 ហើយ ប៉ុន្តែហាក់មិនមានករណីឆ្លងក្នុងសហគមន៍ នៅតាមប្រទេសដីកោះតូចៗទាំងនេះឡើយ។ រីឯប្រទេសដែនកោះប៉ាស៉ីហ្វិកដទៃទៀតដូចជា គីរីបាទី (Kiribati), ណូរូ (Nauru), ប៉ាលូ (Palau), តុងហ្កា (Tonga) និង ទូវ៉ាលូ (Tuvalu) ត្រូវបានគេជឿជាក់ថា នៅតែមិនទាន់មានករណីឆ្លង COVID-19 នោះទេ៕