(ឡុងដ៍)៖ ព្រះអង្គម្ចាស់ វីលៀម (William) បានអំពាវនាវឲ្យពលរដ្ឋទាំងអស់នៃចក្រភពអង់គ្លេស យកម្ចាស់ក្សត្រី អេលីហ្សាប៊ែតទីពីរ (Elizabeth II) ដែលត្រូវជាព្រះអយ្យិការបស់ទ្រង់ធ្វើជាគំរូ ហើយនាំគ្នាទទួលការចាក់វ៉ាក់សាំង COVID-19 ដើម្បីប្រយុទ្ធប្រឆាំងនឹងការភ័យខ្លាចទាំងអស់ អំពីសុវត្ថិភាព។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១។
ព្រះអង្គម្ចាស់ វីលៀម មានព្រះបន្ទូលបែបនេះ កំឡុងកិច្ចប្រជុំតាមវីដេអូខុនហ្វេរិនជាមួយមន្ត្រីសុខាភិបាលអង់គ្លេស និងអ្នកស្ម័គ្រចិត្ត ដែលត្រូវបានចេញផ្សាយកាលពី ថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ។ ក្រុមមន្ត្រីសុខាភិបាល បានទូលថ្វាយព្រះអង្គម្ចាស់ថា ប្រជាជនអង់គ្លេស មានការស្ទាក់ស្ទើរនៅឡើយក្នុងការចាក់វ៉ាក់សាំង COVID-19 បើទោះជាវាទទួលបានការអនុញ្ញាតពីអាជ្ញាធរនិយ័តកម្មក៏ដោយ។
ព្រះអង្គម្ចាស់ វីលៀម បានមានបន្ទូលដូច្នេះថា «ព្រះអយ្យិកា និងព្រះអយ្យកោរបស់ខ្ញុំ ទ្រង់ទាំងពីរបានទទួលការចាក់វ៉ាក់សាំងរួចហើយ ហើយខ្ញុំពិជាមានមោទនភាពចំពោះទ្រង់ ទាំងពីរខ្លាំងណាស់។ វាគឺជារឿងសំខាន់បំផុត ដែលអ្នកគ្រប់គ្នាត្រូវតែចាក់វ៉ាក់សាំង នៅពេលអ្នកត្រូវបានគេតម្រូវឱ្យធ្វើបែបនេះ»។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនម្ចាស់ក្សត្រី អេលីហ្សាប៊ែតទីពីរ (Elizabeth II) ដែលមានព្រះជន្ម ៩៤ព្រះវស្សាបានមានបន្ទូលថា ទ្រង់ និងព្រះស្វាមី គឺព្រះអង្គម្ចាស់ ហ្វីលីព (Philip) ដែលមានព្រះជន្ម ៩៩ព្រះវស្សា បានទទួលការចាក់វ៉ាក់សាំង COVID-19 ដូសដំបូងរួចរាល់ហើយ ដើម្បីជំរុញទឹកចិត្តឱ្យប្រជាជនអង់គ្លេស លះបង់ចោលភាពភ័យខ្លាច និងយកគំរូតាម៕