(សេអ៊ូល)៖ តុលាការជាន់ខ្ពស់នៅទីក្រុងសេអ៊ូលនាថ្ងៃចន្ទនេះ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអ្នកបន្តវេនក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung រយៈពេល២ឆ្នាំកន្លះ ក្នុងសំណុំរឿងពុករលួយដែលពាក់ព័ន្ធនឹងអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គីនហេ ហើយតុលាការបានបង្គាប់ឲ្យចាប់រូបលោកដាក់ពន្ធនាគារវិញភ្លាមៗតែម្តង។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មាន យុនហាប់ នៅថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១។
លោក លី ចេយ៉ុង (Lee Jae-yong) ដែលជាអ្នកត្រូវបន្តវេនជាម្ចាស់ក្រុមហ៊ុន Samsung ជាប់ពាក់ព័ន្ធពីបទផ្តល់សំណូកដល់លោកស្រី ផាក និងមិត្តភក្តិរបស់លោកស្រី គឺស្ត្រីឈ្មោះ ឆយ ស៊ូនស៉ីល (Choi Soon-sil) ក្រោមគោលបំណងទទួលបានការគាំទ្រពីរដ្ឋាភិបាលដើម្បីឲ្យ ដំណើរការផ្ទេរអំណាចគ្រប់គ្រងក្រុមហ៊ុន Samsung ពីឪពុកលោកមកឲ្យរូបលោក ប្រព្រឹត្តទៅដោយរលូន។ ពាក់ព័ន្ធសំណុំរឿងនេះ លោកស្រី ផាក ត្រូវបានទម្លាក់ចេញពីតំណែង ហើយកាត់ទោសឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ។
លោក លី ដែលមានវត្តមានក្នុងសវនាការនៅថ្ងៃចន្ទនេះ ត្រូវបានអាជ្ញាធរដាក់ការឃុំឃាំងវិញភ្លាមៗ ក្រោយការកាត់ក្តីខាងលើ ដែលវាកើតឡើង នៅរយៈពេលជិត៣ឆ្នាំ បន្ទាប់ពីលោកត្រូវបានដោះលែងក្រោមការព្យួរទោស។ កាលពីឆ្នាំ២០១៧ លោក លី ចេយ៉ុង ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ សម្រាប់ការផ្តល់លុយ៨.៩ពាន់លានវ៉ុន ដែលត្រូវបានយកទៅផ្គត់ផ្គង់សម្រាប់ការហាត់រៀនជិះសេះរបស់កូនស្រីស្រ្តីឈ្មោះ ឆយ ស៊ូនស៉ីល ដែលជាមិត្តជិតស្និទ្ធបំផុតរបស់លោកស្រី ផាក គីនហេ ព្រមទាំងការបរិច្ចាគផ្សេងទៀតទៅកាន់មូលនិធិកីឡាមួយ ដែលគ្រប់គ្រងដោយគ្រួសាររបស់ស្រ្តី ឆយ ស៊ូនស៉ីល នោះ។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៨ លោក លី ត្រូវបានដោះលែងវិញ ខណៈរយៈពេលជាប់ពន្ធនាគាររបស់លោកត្រូវបានបន្ថយនិងព្យួរជាបណ្តោះអាសន្ន។ នៅឆ្នាំ២០១៩ តុលាការកំពូលកូរ៉េខាងត្បូងបានសម្រេចបញ្ជូនសណុះរឿងលោក លី ឲ្យតុលាការជាន់ខ្ពស់នៅទីក្រុងសេអ៊ូលកាត់ក្តីឡើងវិញ ខណៈសាលក្រមចុងក្រោយត្រូវបានចេញនៅថ្ងៃចន្ទនេះ៕