(ប៉េកាំង)៖ អ្នកនាំពាក្យរដ្ឋាភិបាលចិននៅថ្ងៃចន្ទនេះបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ទៅលើមន្រ្តីនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) ដោយបាននិយាយថា វាដល់ពេលដែលរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បញ្ចប់នូវល្បិចដាក់ទណ្ឌកម្មរបស់ខ្លួនហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១។
អ្នកនាំពាក្យការិយាល័យកិច្ចការហុងកុង និងម៉ាកាវនៃក្រុមប្រឹក្សារដ្ឋចិន បានធ្វើការថ្កោលទោសនេះ បន្ទាប់ពីក្រសួងការបរទេសអាមេរិកបានដាក់ទណ្ឌកម្មលើមន្រ្តីហុងកុង ដែលជាកិច្ចឆ្លើយតបទៅនឹងការឃុំខ្លួនលោក ប៊ែននី តៃ (Benny Tai) និងអ្នកដទៃទៀតដោយប៉ូលីសហុងកុងពីបទសង្ស័យថា ពួកគេបានរំលោភច្បាប់សន្តិសុខជាតិ នៅក្នុងទីក្រុងស្វយ័តរបស់ចិនមួយនេះ។
អ្នកនាំពាក្យខាងលើបានប្រឆាំងយ៉ាងខ្លាំងចំពោះ «ការដាក់ទណ្ឌកម្ម» របស់សហរដ្ឋអាមេរិក និងបានហៅវាថាជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ ចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ គិតចាប់តាំងពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ប៉ូលិសហុងកុងបានចាប់ខ្លួនមនុស្ស ៥៣នាក់ហើយ ដោយជាប់សង្ស័យថាពួកគេ បានរំលោភច្បាប់សន្តិសុខជាតិ៕