(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីសេតវិមានមានគម្រោងរៀបចំ «ពិធីលាគ្នា» សម្រាប់លោក ដូណាល់ ត្រាំ ដែលនឹងត្រូវចាកចេញពីទីក្រុងវ៉ាស៊ីនតោន នៅព្រឹកថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ព្រោះជាពេលវេលាចុងក្រោយរបសលោក ក្នុងនាមជាប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bloomberg នៅរសៀលថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១។
សារព័ត៌មាន Bloomberg ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើសេចក្ដីចម្លងនៃ លិខិតអញ្ជើញចូលរួមកម្មវិធីខាងលើ ដែលខ្លួនបានឃើញ។ ពិធិលាគ្នាសម្រាប់លោក ត្រាំ នឹងត្រូវប្រព្រឹត្តទៅនៅម៉ោង ៨៖០០នាទីព្រឹកថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) នៅឯមូលដ្ឋានទ័ព អ៊ែនឌ្រូ (Andrews) ស្ថិតនៅខាងក្រៅរដ្ឋធានីវ៉ាស៊ីនតោន ជាទីដែលលោក ដូណាល់ ត្រាំ នឹងឡើងជិះយន្ដហោះ Air Force One ទៅកាន់រដ្ឋផ្លរីដា (Florida)។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានសម្រេចចិត្តមិនចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន នៅថ្ងៃទី២០ ខែមករានេះទេ ហើយនេះបានធ្វើឱ្យលោកក្លាយជាប្រធានាធិបតីអាមេរិក ដែលនៅមានជីវិតដំបូងគេបំផុត គិតចាប់តាំងពីសម័យលោក អាន់ឌ្រូ ចនសុន (Andrew Johnson) ដែលមិនទៅចូលរួមពិធីស្បថចូលកាន់ តំណែងរបស់អ្នកបន្តវេន។ លោក បៃដិន បាននិយាយថា អវត្តមានរបស់លោក ត្រាំ នឹងជារឿងល្អ ក៏ប៉ុន្តែលោកស្វាគមន៍វត្តមានរបស់ អនុប្រធានាធិបតីអាមេរិកគឺលោក ម៉ៃក៍ ភែន (Mike Pence) ប្រសិនបើលោក Pence សម្រេចចិត្តចូលរួម៕