(បាងកក)៖ ប្រទេសថៃនៅថ្ងៃចន្ទនេះបានរាយការណ៍ ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៣៦៩ករណីបន្ថែមទៀត និងមិនមានអ្នកស្លាប់ថ្មីឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១។
បើតាមមជ្ឈមណ្ឌលគ្រប់គ្រង COVID-19 របស់ប្រទេសថៃ ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៣៦៩ករណីខាងលើនេះមាន ៨២ករណី គឺត្រូវបានចាត់បញ្ចូលជាករណីឆ្លងនៅក្នុងស្រុក (ឆ្លងសហគមន៍) ខណៈ ២៧៥ករណីក្នុងនោះរួមមានទាំងពលករបរទេស ត្រូវបានរកឃើញថាបានឆ្លង COVID-19 តាមរយៈការស្រាវជ្រាវពីប្រវត្តិ និងទំនាក់ទំនងរបស់ពួកគេជាមួយអ្នកដែលឆ្លងជំងឺនេះ។ ចំណែកឯ ១២ករណីទៀតជាករណីនាំចូល។
គួរបញ្ជាក់ថា សម្រាប់ករណីឆ្លងក្នុងសហគមន៍ខាងលើនេះ ត្រូវបានរាយការណ៍ចេញពីខេត្ត សាមុត សាខន ច្រើនជាងគេរហូតដល់ ៥១ករណី, បាងកក ១៣ករណី, អាងថុង ០៨ករណី, និងសល់ប៉ុន្មានករណីទៀតស្ថិតនៅខេត្តណុនថាបុរី, សាមុត ប្រាកាន, អាយុទ្យា, ឈុន បុរី, ផាទុំ ថានី, ត្រាង និងរ៉ាយ៉ង។ បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យប្រទេសថៃមានអ្នកឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ១២,៤២៣ករណីក្នុងនោះមានអ្នកស្លាប់ ៧០នាក់ និងអ្នកជាសះស្បើយ ៩,២០៦នាក់៕