(បាងកក)៖ នៅក្នុងរបាយការណ៍ COVID-19 សម្រាប់ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១នេះ ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺនេះ ៥៩នាក់ថ្មីទៀត ខណៈអ្នកជំងឺម្នាក់ផងដែរបានបាត់បង់ជីវិត។ នេះបើតាមការដកស្រង់ ចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ៥១ករណីជាប្រភេទករណីឆ្លងក្នុងស្រុក និង ០៨ករណីទៀតត្រូវបាននាំចូលពីបរទេស។ សម្រាប់ករណីឆ្លងក្នុងស្រុក ត្រូវបានរកឃើញច្រើនបំផុតនៅក្នុងខេត្ត សាមុត សាខន ដែលជាទីកន្លែងផ្ទុះករណីឆ្លង COVID-19 រលកទី ២ យ៉ាងគំហុក ស្ថិតនៅភាគនិរតីនៃទីក្រុងបាងកក។
បើតាមអាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ថៃបានឲ្យដឹងទៀតថា អ្នកជំងឺម្នាក់ទៀតដែលបានបាត់បង់ជីវិតនោះ គឺជាស្ត្រីជនជាតិថៃវ័យ ៤៨ឆ្នាំរស់នៅក្នុងស្រុក ម៉ែសូត (Mae Sot) ស្ថិតនៅតាមព្រំដែនភាគខាងលិចប្រទេស និងជាអ្នកដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធ ជាមួយពលករចំណាកស្រុកមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ១២,៦៥៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៧១នាក់ និងជាសះស្បើយឡើងវិញ ៩,៦២១នាក់៕