(ញូដេលី)៖ ក្រសួងការបរទេសឥណ្ឌា បានប្រកាសនៅថ្ងៃពុធនេះថា ប្រទេសឥណ្ឌាបានចាប់ផ្តើមនាំចេញវ៉ាក់សាំង COVID-19 ទៅកាន់ប្រទេសស្ថិតនៅតំបន់ព្រំដែនជួរភ្នំហិម៉ាឡៃ (Himalayan) នោះគឺប្រទេសប៊ូតាន់ (Bhutan) ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២០។
បណ្តាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមជាច្រើន បានពឹងផ្អែកលើប្រទេសឥណ្ឌា ជាប្រទេសដែលមានក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេ នៅលើពិភពលោកសម្រាប់ការផ្គត់ផ្គង់ និងចែកចាយ ដើម្បីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ជាមួយក្ដីសង្ឃឹមថា នឹងអាចបញ្ចប់ការរាតត្បាតនៃករណីឆ្លងនេះ នៅក្នុងប្រទេសរបស់ពួកគេ។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក អនុរ៉ាច ស្រ៊ីវ៉ាស្ដាវ៉ា (Anurag Srivastava) បានគូសបញ្ជាក់នៅលើបណ្ដាញសង្គម Twitter ថា «ការព្រមព្រៀងដំបូង នឹងចាប់ផ្តើមពីប្រទេសប៊ូតាន់ ដែលជាប្រទេសជិតខាង និងជាប្រទេសដៃគូសំខាន់របស់ខ្លួន»។
លោក Anurag Srivastava បានគូសបញ្ជាក់បន្ថែមថា «ការផ្គត់ផ្គង់ក្រោមការផ្ដល់ជំនួយ» នឹងត្រូវដឹកបញ្ជូនទៅកាន់ប្រទេសម៉ាល់ឌីវ (Maldives), បង់ក្លាដែស (Bangladesh), នេប៉ាល់ (Nepal), មីយ៉ាន់ម៉ា (Myanmar), និងស៊ីស្ហែល (Seychelles) ខណៈប្រទេសស្រីលង្កា (Sri Lanka), អាហ្គានីស្ថាន (Afghanistan), និងម៉ូរីស (Mauritius) កំពុងរង់ចាំការអនុម័តច្បាប់ ដើម្បីទទួលបានវ៉ាក់សាំង។
ប្រទេសឥណ្ឌា នឹងផ្គត់ផ្គង់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ដែលត្រូវបានទទួលសិទ្ធិផលិតដោយវិទ្យាស្ថាន សឺរឹម (Serum) នៃប្រទេសឥណ្ឌា ជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុត នៅលើពិភពលោក ដែលបានដាក់ឈ្មោះវ៉ាក់សាំងនោះថា ខូវីសៀលដ៍ (COVISHIELD)។
គួរបញ្ជាក់ថា ប្រទេសប៊ូតានដែលមានប្រជាជនជាង ៧៧០,០០០នាក់ ពេលនេះមានករណីឆ្លង COVID-19 សរុបតែ ៨៤៨ករណីប៉ុណ្ណោះ ក្នុងនោះមានអ្នកស្លាប់ម្នាក់ និងជាសះស្បើយវិញ ៦០៥នាក់។ ដោយឡែកសម្រាប់មហាយក្សឥណ្ឌាដែលនៅជិតខាងវិញ មានករណីឆ្លង COVID-19 សរុបជាង ១០,៥៩៦,០០០ករណី ក្នុងនោះស្លាប់ជាង ១៥២,៧០០នាក់ និងជាសះស្បើយវិញជាង ១០,២៤៥,០០០នាក់៕