(តែលអាវីវ)៖ មុនពេលលោក ចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកជាផ្លូវការ បន្ទាប់ពីលោក ដូួណាល់ ត្រាំ អ៉ីស្រាអែលបានខិតខំសម្រុកចេញការអនុញ្ញាតឲ្យសាងសង់លំនៅឋានអាណានិគមថ្មីៗនៅលើទឹកប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។
អង្គការឃ្លាំមើល Peace Now នៅថ្ងៃពុធនេះ បានរាយការណ៍ថា រដ្ឋាភិបាលអ៉ីស្រាអែលទើបតែបានចេញការអនុញ្ញាតឲ្យសាងសង់លំនៅឋាន អាណានិគមថ្មីចំនួន ២,១១២ខ្នងទៀតនៅតំបន់ West Bank និង ៤៦០ខ្នងនៅតំបន់ East Jerusalen ជាផ្នែកភាគខាងកើតនៃទីក្រុងហ្សេរុយសាឡឹម ដែលអ៉ីស្រាអែលបានកាន់កាប់យក ប៉ុន្តែប៉ាឡេស្ទីនសង្ឃឹមថា នឹងអាចធ្វើជារដ្ឋធានីរបស់ខ្លួន សម្រាប់ពេលក្លាយជារដ្ឋអធិបតេយ្យ មួយនាថ្ងៃអនាគត។ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន អ៉ីស្រាអែលក៏បានចេញការអនុញ្ញាតសម្រាប់ការសាងសង់លំនៅឋាន៧៨០ខ្នងនៅតំបន់ West Bank ផងដែរ។
គួរបញ្ជាក់ថា ការតាំងលំនៅឋានទាំងអស់របស់ជនជាតិអ៉ីស្រាអែលនៅតំបន់ West Bank ត្រូវបានសហគមន៍អន្តរជាតិចាត់ទុកជាទង្វើខុសច្បាប់។ ប៉ុន្តែរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៩ បានបំពានគោលនយោបាយរបស់ទសវត្សរ៍របស់សហរដ្ឋអាមេរិកពាក់ព័ន្ធ នឹងបញ្ហានេះ តាមរយៈប្រកាសថា ទីក្រុងវ៉ាស៉ីនតោនលែងចាត់ទុកទង្វើរបស់អ៉ីស្រាអែលថាខុសច្បាប់អន្តរជាតិទៀតហើយ។
ដោយឡែកសម្រាប់លោក ចូ បៃដិន ដែលនឹងត្រូវក្លាយជាប្រធានាធិបតីអាមេរិកថ្មី ធ្លាប់បានឲ្យសញ្ញាថា រដ្ឋបាលលោកនឹងស្តារគោលនយោបាយអាមេរិកឲ្យដូចដើមវិញ គឺប្រឆាំងការពង្រីកលំនៅឋានអាណានិគមរបស់អ៉ីស្រាអែល នៅលើទឹកដីប៉ាឡេស្ទីន៕