(ព្រុចសែល)៖ សហភាពអ៊ឺរ៉ុបបានអបអរសាទរ ចំពោះការស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន (Joe Biden) ក្នុងឋានៈជាប្រធានាធិបតីអាមេរិកទី ៤៦ ដែលនឹងប្រារព្ធឡើងនៅព្រឹកថ្ងៃពុធ (ពេលវេលានៅវ៉ាស៊ីនតោន) ដោយនិយាយថានេះជា «ពន្លឺថ្មី» សម្រាប់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ខណៈសហភាពដ៏មានឥទ្ធិពលមួយនេះ បានទទូចដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ របស់សហរដ្ឋអាមេរិកមួយចំនួន ឲ្យចាត់វិធានការបញ្ឍប់ការបង្ហោះខ្លឹមសាររើសអើង ញុះញង់ ឬស្អប់ខ្ពើមនៅលើប្រព័ន្ធអនឡាញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ។
ដោយបង្ហាញពីអារម្មណ៍ធូរស្រាល នៅថ្ងៃចុងបញ្ចប់ក្នុងរយៈពេល ០៤ឆ្នាំនៃគោលនយោបាយ «America First» របស់លោក ដូណាល់ ត្រាំ នេះ ថ្នាក់ដឹកនាំនៃសហភាពអឺរ៉ុប បានគូសបញ្ជាក់ប្រាប់សភាអ៊ឺរ៉ុបថា ការរៀបចំច្បាប់ឌីជីថលអន្តរជាតិថ្មីឡើងវិញជាមួយគ្នា គឺមានសារៈសំខាន់បំផុត។
ប្រធានគណៈកម្មាធិការអ៊ឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula von der Leyen) បានមានលើកឡើងថា «នេះគឺជាពន្លឺថ្មីនៅសហរដ្ឋអាមេរិក និងជាពេលដែលយើងកំពុងរង់ចាំ»។ ប៉ុន្តែលោកស្រីក៏បានព្រមានផងដែរថា «អារម្មណ៍ធូរស្បើយ មិនគួរនាំយើងឲ្យមានការបំភាន់ណាមួយឡើយ»។
លោកស្រី Von der Leyen បានគូសបញ្ជាក់បន្ថែមថា ខណៈពេលដែលយើងមិនអាចលុបបំបាត់ ការបង្ហោះខ្លឹមសាររើសអើង ញុះញង់ ឬស្អប់ខ្ពើម ដែលនាំឲ្យកើតមានឡើងនូវអំពើហិង្សានៅវិមានសភាអាមេរិក កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១កន្លងទៅនេះបាន ព័ត៌មានក្លែងក្លាយទាំងឡាយមិនត្រូវបានអនុញ្ញាត ឲ្យផ្សព្វផ្សាយដោយសេរី នៅលើប្រព័ន្ធអនឡាញនោះទេ។ លោក Von der Leyen បានសង្កត់ធ្ងន់ទៀតថា «អំណាចនយោបាយ និងអំណាចហួសហេតុ ដែលកាន់កាប់ដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ត្រូវតែមានវិធានការឡើងវិញ»។
គួរបញ្ជាក់ថា សមាជិកសភានៃសហភាពអ៊ឺរ៉ុប កំពុងជជែកដេញដោលអំពីគោលការណ៍ឌីជីថលអន្តរជាតិថ្មី ដែលជាប់ទាក់ទងនឹងក្រុមហ៊ុន Google ក្រុមហ៊ុន Facebook និងក្រុមហ៊ុន Apple ប៉ុន្តែបើអឺរ៉ុបគ្មានក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្ទាល់ខ្លួនទេ នោះច្បាប់ឯកជនភាពឌីជីថលរបស់សហភាពអ៊ឺរ៉ុប និងច្បាប់ប្រឆាំងនឹងការធ្វើពាណិជ្ជកម្មមិនស្មើភាព មិនអាចធ្វើអ្វីក្រុមហ៊ុនអាមេរិកទាំងនេះបានទេ៕