(រ៉ង់ហ្គូន)៖ មន្រ្តីយោធាជាន់ខ្ពស់របស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា លោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ឃុំឃាំងនៅឯគេហដ្ឋានរបស់លោកស្រី នៅមានសុខភាពល្អធម្មតាទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី០៥ ខែកម្ភៈ ឆ្នាំ២០២១។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃសុក្រនេះ មន្ត្រីយោធាមីយ៉ាន់ម៉ា លោក Kyi Toe បាននិយាយថា«ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Win Myint និងទីប្រឹក្សារដ្ឋ លោកស្រីអ៊ុង សានស៊ូជី ដែលកំពុងជាប់ឃាំងក្នុងផ្ទះ នៅមានសុខភាពល្អធម្មតាទេ»។
គួរបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី មិនត្រូវបានគេមើលឃើញជាសាធារណៈ ចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះមកម្លេះ បន្ទាប់ពីយោធាមីយ៉ាន់ម៉ា បានចាប់ឃុំខ្លួនលោកស្រី និងមន្ត្រីជានខ្ពស់ជាច្រើនរូបទៀត។ លោកស្រី ត្រូវបានប៉ូលិសចោទប្រកាន់ ពីបទគ្រប់គ្រងគ្រោះមហន្តរាយជាតិ និងច្បាប់នាំចេញ និងនាំចូលរបស់សភាមីយ៉ាន់ម៉ា ដែលនឹងត្រូវឃុំខ្លួនក្នុងផ្ទះ រហូតដល់ថ្ងៃទី១៥ ខែនេះ៕