(តូក្យូ)៖ ខណៈមីយ៉ាន់ម៉ា កំពុងចលាចលដោយសារតែបាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារយោធា បណ្ដាប្រទេសលោកខាងលិចក៏កំពុងប្រឈមមុខនឹងជម្រើស២ ដ៏លំបាកផងដែរ។ ជម្រើសទីមួយ នោះគឺការដាក់សម្ពាធលើរបបយោធា ដើម្បីបង្ហាញថាការធ្វើរដ្ឋប្រហារ ឬការដឹកនាំដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ជារឿងមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ ចំណែកឯ ជម្រើសទី២ នោះគឺធ្វើយ៉ាងណារារាំងកុំឱ្យមីយ៉ាន់ម៉ាងាកទៅរកចិនទាំងស្រុង។
ជម្រើសទាំង២នេះ មិនអាចសម្រេចបាន ឬក៏ត្រូវបានជ្រើសរើសយកទាំង២ ក្នុងពេលតែមួយឡើយ ហើយបច្ចប្បន្ន រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ត្រូវបានគេមើលឃើញថាកំពុងព្យាយាមធ្វើរឿងបែបនេះ។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីមួយលើថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា ប៉ុន្តែទាល់តែ១០ថ្ងៃ ក្រោយ យោធាធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជី ទើបលោក បៃដិន ប្រកាសដាក់ទណ្ឌកម្ម។
ការយឺតយ៉ាវបែបនេះប្រហែលជារដ្ឋបាលលោក បៃដិន ចង់ទុកផ្លូវក្រោយមួយ ដើម្បីចរចាជាមួយយោធាមីយ៉ាន់ម៉ា នៅពីក្រោយឆាក។ ប្រភពពីក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថាទីក្រុងវ៉ាស៊ីនតោនបានប្រកាន់គោលជំហរយ៉ាងច្បាស់លាស់របស់ខ្លួនចំពោះរបបសឹក តាមរយៈប្រទេសឥណ្ឌា និងជប៉ុនដែលមាន បណ្ដាញទំនាក់ទំនងជាមួយយោធាមីយ៉ាន់ម៉ា ព្រមទាំងបានជម្រុញម្ដងហើយម្ដងទៀតឱ្យយោធាប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលវិញជាបន្ទាន់។ ក៏ប៉ុន្តែ ខណៈបង្ហាញពី គោលជំហរតឹងរ៉ឹង លោក បៃដិនផ្ទាល់ ក៏បានទទួលស្គាល់ដែរពីហានិភ័យបង្ខំឱ្យមីយ៉ាន់ម៉ា ងាកទៅរកចិន បើសិនជាទទួលរងទណ្ឌកម្ម ឬសម្ពាធ ខ្លាំងពេក។
ជាក់ស្ដែង បើតាមប្រភពការទូតដឹងពីគោលជំហរសហរដ្ឋអាមេរិក លោក បៃដិន ជាជំហានដំបូងបានដាក់កំហិតលើការដាក់ទណ្ឌកម្ម ដោយផ្ដោតជាសំខាន់ តែទៅលើមេដឹកនាំយោធាមីយ៉ាន់ម៉ា ប៉ុណ្ណោះ។ មីយ៉ាន់ម៉ាមានទីតាំងស្ថិតនៅចន្លោះរវាងចិន និងឥណ្ឌា ហើយទល់មុខនឹងមហាសមុទ្រឥណ្ឌា។ ដូច្នេះនៅក្នុង បរិបទដែលសហរដ្ឋអាមេរិកកំពុងប្រឹងទប់ស្កាត់ការកើនឡើងឥទ្ធិពលចិន រដ្ឋបាលលោក បៃដិននឹងមិនចង់ឱ្យប្រជាជាតិអាស៊ីអាគ្នេយ៍ដែលស្ថិតនៅចំតំបន់ ភូមិសាស្ត្រនយោបាយល្អបែបនេះស្ថិតនៅក្រោមកណ្ដាប់ដៃចិនឡើយ។ តែយ៉ាងនេះក្ដី ស្ថានការណ៍អាចនឹងផ្លាស់ប្ដូរគ្រប់ពេល។ ពោលគឺបើសិនជា ការបង្រ្កាបពីសំណាក់យោធាមីយ៉ាន់ម៉ា បណ្ដាលឱ្យក្រុមបាតុករស្លាប់ក្នុងចំនួនដ៏ច្រើន នោះសហរដ្ឋអាមេរិកអាចនឹងត្រូវបង្ខំចិត្តបង្កើនការដាក់ទណ្ឌកម្មបន្ថែម។
វិបត្តិនៅមីយ៉ាន់ម៉ា ក៏បាននិងកំពុងធ្វើឱ្យសហគមន៍អន្តរជាតិ ជាពិសេសគឺសហរដ្ឋអាមេរិកត្រូវឆ្លើយនឹងសំនួរដ៏សំខាន់មួយផងដែរ៖ នោះគឺនៅពេលដែល «តម្លៃប្រជាធិបតេយ្យ» មានទំនាស់ជាមួយ «ផលប្រយោជន៍ភូមិសាស្ត្រនយោបាយ» ថាតើពួកគេត្រូវជ្រើសរើសយកមួយណាមុន? ជួនកាល នយោបាយការទូត ឈរលើមូលដ្ឋានសិទ្ធិមនុស្សត្រូវបានគេមើលឃើញថាបានដើរតួជាតុលាការ ឬអ្នកការពារយុត្តិធម៌ ហើយនៅពេលខ្លះទៀត វាក៏មានភាពពុតត្បត់ និងស្ដង់ដារពីរ ផងដែរ។
សហរដ្ឋអាមេរិកបានចាត់ទុកអារ៉ាប៊ីសាអូឌីត ជាប្រទេសគ្មានការបោះឆ្នោត និងគ្មានគណបក្សនយោបាយប្រឆាំង គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន ក្នុងតំបន់មជ្ឈិមបូព៌ា ហើយបានផ្គត់ផ្គង់អាវុធទំនើបជាច្រើនដល់មហាសេដ្ឋីប្រេងមួយនេះ។ មួយវិញទៀត ជាយុទ្ធសាស្ត្រទប់ស្កាត់ឥទ្ធិពលចិន ទីក្រុងវ៉ាស៊ីនតោន បានបង្កើនទំនាក់ទំនងយោធាកាន់តែខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំជាមួយវៀតណាមដែលជាប្រទេសកុម្មយនិស្ដ, មានគណបក្សតែមួយ ហើយធ្លាប់ជាសត្រូវ របស់ខ្លួននៅក្នុងសង្រ្គាមទៀតផង។ លើសពីនេះទៅទៀត ដោយខ្លាចកងទ័ពអាមេរិកត្រូវកាត់ទោសពីបទឧក្រិដ្ឋសង្រ្គាម សហរដ្ឋអាមេរិកសុខចិត្តមិនចូលរួម ជាសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ហើយមានពេលខ្លះថែម ទាំងដាក់ទណ្ឌកម្ម ឬប្ដឹងតុលាការនេះក៏មានដែរ។ ទាំងនេះប្រហែលអាចជាឧទាហរណ៍ នៃចម្លើយសម្រាប់សំនួរពាក់ព័ន្ធរវាង «តម្លៃប្រជាធិបតេយ្យ» និង «ផលប្រយោជន៍ភូមិសាស្ត្រនយោបាយ»។
យ៉ាងណាក៏ដោយ វាមិនមែនមានន័យថាសហគមន៍អន្តរជាតិត្រូវប្រងើយកន្ដើយ ឬទទួលស្គាល់រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា នោះទេ។ សហរដ្ឋអាមេរិក មានសិទ្ធិស្របច្បាប់ដាក់ទណ្ឌកម្មលើយោធាមីយ៉ាន់ម៉ា ក្រោមយុទ្ធនាការប្រឆាំងការកើនឡើងនៃរបបផ្ដាច់ការនៅជុំវិញពិភពលោក។ ជប៉ុន និងសហភាពអឺរ៉ុប ក៏ប្រហែលជានឹងចូលរួមជាមួយរដ្ឋបាលលោក ចូ បៃដិន នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ និងដើម្បីដាក់សម្ពាធឱ្យខ្លាំងលើរបបយោធាមីយ៉ាន់ម៉ាផងដែរ។
បើតាមក្រុមអ្នកវិភាគភាគច្រើន ការទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុប ប្រហែលជានឹងមិនងាយធ្វើឱ្យយោធាមីយ៉ាន់ម៉ា ត្រឡប់ក្រោយវិញនោះទេ ខណៈសេដ្ឋកិច្ចមីយ៉ាន់ម៉ាបច្ចុប្បន្ន ពឹងផ្អែកស្ទើតែទាំងស្រុងលើចិនរួចបាត់ទៅហើយ។ របាយការណ៍ចេញផ្សាយដោយអង្គការ Japan External Trade Organization បានបង្ហាញថាចិនកា្ដប់បានច្រើនជាង៣០ភាគរយនៃការធ្វើពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៩ ដែលនេះធ្វើឱ្យមីយ៉ាន់ម៉ាក្លាយជា ប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលពឹងផ្អែកខ្លាំងលើចិន។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគ បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះរួមមានទាំងមីយ៉ាន់ម៉ា សុទ្ធតែមិនចង់ស្ថិតនៅក្រោមឥទ្ធិពលចិនដូចគ្នា។ គំនិត ដែលថាប្រទេសទាំងនោះកាន់តែខិតជិត ឬងាកទៅរកចិន វាគឺគ្រាន់តែជា «ទ្រឹស្ដីមនោគមន៍វិជ្ជា» មិនមែនជា «គំនិតផ្អែកលើហេតុផលជាក់ស្ដែង» នោះទេ ដ្បិត នៅពេលដែលពួកគេត្រូវបានបង្ខំ ឬរងសម្ពាធខ្លាំងពេកពីបណ្ដាប្រទេសលោកខាងលិច នោះគ្មានជម្រើសអ្វីផ្សេងឡើយ ក្រៅតែពីរត់ទៅពឹងអ្នកដែលអាចជួយ ឬព្រមជួយពួកគេ។ ដូច្នេះប្រសើរជាងការដាក់ទណ្ឌកម្ម ការផ្ដល់ជម្រើសសេដ្ឋកិច្ច និងការទូតកាន់តែច្រើនដល់បណ្ដាប្រទេសអាស៊ាន គឺជាមធ្យោបាយមួយដ៏ល្អ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ពួកគេទៅលើចិន៕
ប្រភព៖ NIKKEI (ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១)