(កដ្ឋមណ្ឌូ)៖ ប្រទេសនេប៉ាល់នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន ស៊ីណូហ្វាម (Sinopharm) ជាលក្ខណៈបន្ទាន់ហើយ ដែលវាជាវ៉ាក់សាំងជាទី ២ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ បន្ទាប់ពីវ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្រ្តាហ្សេណេកា (AstraZeneca)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
លោក សានតូស (Santosh KC) មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលឱសថនេប៉ាល់ បានគូសបញ្ជាក់ថា «ការអនុញ្ញាតតាមលក្ខខណ្ឌ ត្រូវបានផ្ដល់ឱ្យវ៉ាក់សាំងចិន សម្រាប់ប្រើប្រាស់ក្នុងករណីបន្ទាន់ នៅក្នុងប្រទេសនេប៉ាល់»។
ចលនាខាងលើនេះបានត្រួសត្រាយផ្លូវ ដើម្បីឱ្យប្រទេសចិនបរិច្ចាគវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន Sinopharm ចំនួន ៥០០,០០០ដូស សម្រាប់ផ្តល់ការចាក់ជូនដល់ប្រជាជននេប៉ាល់ ដែលកាលពីខែមុនក៏បានទទួលនូវវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ចំនួន ១លានដូសដោយឥតគិតថ្លៃ ពីប្រទេសជិតខាងដ៏ធំរបស់ខ្លួន គឺឥណ្ឌាផងដែរ។ ទន្ទឹមនឹងនេះ ប្រទេសនេប៉ាល់ក៏នឹងទិញវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ពីប្រទេសឥណ្ឌាផងដែរ។
រដ្ឋមន្រ្តីសុខាភិបាលនេប៉ាល់ លោក រីដាយ៉េស ទ្រីផាទី (Hridayesh Tripathi) បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន Reuter ថា ប្រទេសនេប៉ាល់នឹងទិញវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ចំនួន ២លានដូសដែលផលិតឡើងដោយវិទ្យាស្ថានស៊ែរឹម (Serum) នៃប្រទេសឥណ្ឌា ក្នុងតម្លៃ ៤ដុល្លារអាមេរិកក្នុងមួយដូស។
គួរបញ្ជាក់ថា ប្រទេសនេប៉ាល់បានចាប់ផ្តើមដំណើរការ កម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនចាប់តាំងពីថ្ងៃទី២៧ ខែមករាមកម្ល៉េះ ដោយចាប់ផ្តើមចាក់ដល់បុគ្គលិកសុខាភិបាលជាមុន ព្រមទាំងគ្រោងចាក់ដល់ប្រជាជនប្រហែល ៧២ភាគរយនៃប្រជាជនសរុប ៣០លាននាក់។ រហូតមកទល់ពេលនេះ ប្រទេសនេប៉ាលបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៧៣,០៧០ករណី ក្នុងនោះមានអ្នកស្លាប់ ២,០៥៥នាក់ និងអ្នកជាសះស្បើយ ២៦៩,៣៩៤នាក់៕