(បាងកក)៖ នៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺនេះ សរុបរហូតដល់ទៅ ១៤៩នាក់ថ្មីទៀត ដោយក្នុងនោះភាគច្រើនបំផុត គឺនៅក្នុងទីក្រុងបាងកក។ នេះបើតាមការដកស្រង់ ចេញពីសារព័ត៌មានថៃបាងកកប៉ុស្តិ៍។
នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១៤៩នាក់ខាងលើនេះ ១៤៤នាក់ជាករណីឆ្លងសហគមន៍ និង ០៥នាក់ទៀត ជាករណីនាំចូលពីក្រៅប្រទេស។ បន្ថែមពីនេះក្នុងចំណោមករណីឆ្លង COVID-19 ក្នុងស្រុកទាំង ១៤៤នាក់នេះ ១០០នាក់ត្រូវបានរាយការណ៍ចេញពីទីក្រុងបាងកក, ៣៤នាក់នៅខេត្ត សាមុត សាខន (Samut Sakhon) និងសល់ប៉ុន្មាននាក់ទៀត គឺត្រូវបានរាយការណ៍ចេញពីខេត្ត ណាខន ផាធំ (Nakhon Pathom), រ៉ាតឆាបុរី (Ratchaburi) និងភីតឆាបុរី (Phetchaburi)។
គួរបញ្ជាក់ថា នេះជាករណីកម្រមានបំផុត ចំពោះការរកឃើញចំនួនអ្នកឆ្លង COVID-19 ទ្រង់ទ្រាយធំនៅទីក្រុងបាងកក ខណៈប្រទេសថៃកំពុងត្រៀម ធ្វើការបើកទូលាយឡើងវិញ ដើម្បីជំរុញវិស័យទេសចរណ៍នោះ។ គិតត្រឹមថ្ងៃអង្គារនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ២៧,១៥៤ករណី ក្នុងនោះស្លាប់ ៨៧នាក់ និងជាសះស្បើយឡើងវិញ ២៦,២៩៩នាក់ (ស្មើនឹង ៩៦.៨៥%)៕