(តូក្យូ)៖ រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន និងសហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះបានព្រមានចំៗ ប្រឆាំងនឹងអាកប្បកិរិយាគំរាមកំហែង និងបង្កអស្ថិរភាពរបស់ចិន ក្រោយបញ្ចប់កិច្ចប្រជុំកំពូលមួយក្នុងទីក្រុងតូក្យូ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១។
រដ្ឋមន្ត្រីការពារជាតិ លោក ឡយដ៍ អូស្ទីន (Lloyd Austin) និងរដ្ឋមន្ត្រីការបរទេស លោក អាន់តូនី ប្លីងខិន (Antony Blinken) កំពុងស្ថិតនៅក្នុងប្រទេសជប៉ុន ជាផ្នែកមួយនៃការបំពេញដំណើរទស្សនកិច្ច មកកាន់តំបន់អាស៊ី ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព ជាមួយសម្ព័ន្ធមិត្តឡើងវិញ ប្រឈមមុខនឹងកាន់កើនឡើងកាន់តែខ្លាំង នៃឥទ្ធិពលចិននៅក្នុងតំបន់។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ក្រោយបញ្ចប់កិច្ចប្រជុំទ្វេភាគី និងកិច្ចប្រជុំរួមជាមួយសមភាគីជប៉ុន ទាំងលោក Austin និងលោក Blinken បានព្រមានចំៗប្រឆាំងនឹងអាកប្បកិរិយារបស់ចិន ដែលសហរដ្ឋអាមេរិកចាត់ទុកថា មិនសមស្របទាល់តែសោះ ទៅនឹងសណ្ដាប់ធ្នាប់អន្តរជាតិដែលមានស្រាប់, នយោបាយ, សេដ្ឋកិច្ច, យោធា និងបច្ចេកវិទ្យា។ សេចក្ដីថ្លែងការណ៍ដដែលបានគូសបញ្ជាក់បន្ថែមដូច្នេះថា «រដ្ឋមន្ត្រីនៃទាំង ២ បានប្ដេជ្ញាចិត្តប្រឆាំងនឹងអាកប្បកិរិយាគំរាមកំហែង និងបង្កអស្ថិរភាពរបស់ចិន ចំពោះបណ្ដាប្រទេសដទៃនៅក្នុងតំបន់»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិកមកកាន់តំបន់អាស៊ី ធ្វើឡើងនៅក្នុងបរិបទដែលរដ្ឋបាលលោក ចូ បៃដិន កំពុងព្យាយាមពង្រឹងចំណងមិត្តភាពឡើងវិញ ជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់ និងជួសជុសផ្សះផ្សាការប្រេះឆាមួយចំនួន ដែលបង្កឡើងដោយអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ។
សម្រាប់ប្រទេសចិន ដែលតែងតែចាត់ទុកថា សហរដ្ឋអាមេរិកអាមេរិកទៅវិញទេ កំពុងតែព្យាយាមដុតបញ្ឆេះបញ្ហា នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងលាបពណ៌ប្រទេសចិន នៅលើឆាកអន្តរជាតិនោះ មិនទាន់ធ្វើការឆ្លើយតបអ្វីមួយនៅឡើយទេ ប៉ុន្តែវានឹងអាចកើតមានឡើយ នៅក្នុងពេលឆាប់ៗនេះ៕