(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន (DOH) នៅថ្ងៃអង្គារនេះបានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ចំនួន ៤,៤៣៧នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះកើនឡើងដល់ ៦៣១,៣២០ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១។
ក្នុងរយៈពេលដូចគ្នានេះ ចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ ១២,៨៤៨នាក់ផងដែរ បន្ទាប់ពីអ្នកជំងឺ ១១នាក់ទៀតបានស្លាប់ ដោយសារវីរុសឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ ដោយឡែកចំនួនអ្នកជំងឺដែលបានជាសះស្បើយ សរុបកើនឡើងដល់ ៥៦០,៧៣៦នាក់។
គួរបញ្ជាក់ថា នាប៉ុន្មានថ្ងៃចុងក្រោយនេះ ហ្វីលីពីនដែលមានប្រជាជនសរុប ១១០លាននាក់ កំពុងជួបប្រទះនឹងរលកថ្មីនៃការឆ្លងរីករាលដាល COVID-19 ស្រដៀងទៅនឹងកាលពីខែកក្កដា ដល់ខែសីហាឆ្នាំ២០២០កន្លងទៅ ដែលនៅពេលនោះករណីឆ្លងប្រចាំងថ្ងៃបានឡើងដល់កំពូល៕