(មីយ៉ាន់ម៉ា)៖ រដ្ឋាភិបាលស្របច្បាប់ ដែលគេបណ្តេញចេញពីតំណែង និងក្រុមអង្គការសិទ្ធិមនុស្សរបស់មីយ៉ាន់ម៉ា នៅថ្ងៃអង្គារនេះ បានអំពាវនាវឲ្យក្រុមហ៊ុនប្រេងឥន្ធនៈ Total និងក្រុមហ៊ុនប្រេងឥន្ធនៈដទៃទៀត ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេស ផ្អាកការបង់ប្រាក់ ឲ្យទៅក្រុមយោធា ដែលបាននឹងកំពុងគ្រប់គ្រងប្រទេស បន្ទាប់ពីការធ្វើរដ្ឋប្រហារកាលពីខែមុន, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ។
ការអំពាវនាវនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីក្រុមហ៊ុន Total បានលើកឡើងថា ខ្លួនមានការព្រួយបារម្ភអំពីស្ថានភាពនៅមីយ៉ាន់ម៉ា, ជាទីកន្លែងដែលមនុស្សជាច្រើននាក់ ត្រូវបានសម្លាប់ នៅក្នុងការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ ដែលធ្វើឡើង កាលពីថ្ងៃទី១ ខែកុម្ភៈ។
«រដ្ឋប្រហារបានបណ្តាលឲ្យក្រុមហ៊ុនប្រេងអន្តរជាតិ ដែលប្រតិបត្តិការនៅមីយ៉ាន់ម៉ា មិនមានជម្រើសផ្សេងក្រៅពីផ្អាកទំនាក់ទំនងរបស់ពួកគេ ជាមួយនឹងក្រុមយោធា», នេះបើតាមរដ្ឋាភិបាល បណ្តេញចេញពីតំណែង បានផ្ញើរទៅកាន់ក្រុមហ៊ុន Total ហើយបានបង្ហោះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។
ក្រុមសមាជិកសភា ដែលគេបណ្តេញចេញពីតំណែង, ដែលគេស្គាល់ថា ជាគណៈកម្មាធិការតំណាងសភា Pyidaungsu Hluttaw, បានស្នើសុំទៅកាន់ស្នើសុំ ទៅកាន់ក្រុមហ៊ុន Total ឲ្យផ្អាកការបង់ប្រាក់ចំណូល ទៅកាន់មីយ៉ាន់ម៉ា ហើយដាក់ប្រាក់នោះ ចូលទៅក្នុងគណនីដែលត្រូវបានការពារ រហូតដល់រដ្ឋាភិបាលស្របច្បាប់ វិលទៅកាន់ការងារដូចដើម។
Total ភ្លាមៗនេះ មិនទាន់មានការបកស្រាយ លើលិខិត ឬក៏ការទូទាត់ដែលនឹងមកដល់នាពេលខាងមុខនេះ នៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ។
លិខិតស្រដៀងគ្នានេះ ដែលត្រូវបានចេញផ្សាយតាមអនឡាញ ក៏ត្រូវបានផ្ញើទៅកាន់ក្រុមហ៊ុន Petronas របស់ម៉ាឡេស៊ី, POSCO របស់កូរ៉េខាងត្បូង និងក្រុមហ៊ុន PTTEP របស់ថៃផងដែរ។
ក្រុមហ៊ុន Total បានចូលទៅកាន់ទីផ្សារមីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ១៩៩២ បាននឹងកំពុងអភិវឌ្ឍលើវិស័យឧស្ម័ន ដែលផ្គត់ផ្គង់ទីផ្សារក្នុងស្រុកមីយ៉ាន់ម៉ា ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន MOGE របស់មីយ៉ាន់ម៉ា។ ក្នុងឆ្នាំ២០១៩ Total បានបង់ប្រាក់២២៩,៦លានដុល្លារ ឲ្យមីយ៉ាន់ម៉ា ក្នុងនោះរួមមាន១៧៨,៦លានដុល្លារ ឲ្យទៅក្រុមហ៊ុន MOGE សម្រាប់ការផលិត និងលក់ឧស្ម័ន ហើយ៥១លានដុល្លារ ជាការបង់ពន្ធ ឲ្យទៅក្រសួងហិរញ្ញវត្ថុ៕