(បាងកក)៖ ទីក្រុងបាងកកអាចនឹងត្រូវបានប្រកាសចាត់ទុកជាតំបន់ប្រកាសអាសន្នពី COVID-19 កម្រិតពណ៌ក្រហម នៅមុនពិធីបុណ្យចូលឆ្នាំថ្មីសង្រ្កាន្តរបស់ថៃ ឈានចូលមកដល់នៅសប្ដាហ៍ក្រោយនេះ បន្ទាប់ពីការផ្ទុះឡើងវិញនូវករណីឆ្លងជាចង្កោមៗ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។
អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃពុធនេះបានរាយការណ៍ពីករណីឆ្លង COVID-19 ចំនួន ៣៣៤ករណីថ្មី ក្នុងនោះមាន២១៦ករណីត្រូវបានរកឃើញនៅក្នុង ទីក្រុងបាងកក។ ម្យ៉ាងវិញទៀត ក្នុងថ្ងៃតែមួយនេះដែរ ប្រព័ន្ធផ្សព្វផ្សាយថៃបានចេញផ្សាយថារដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Saksayam Chidchob បានឆ្លង COVID-19 ខណៈរដ្ឋមន្ត្រី និងសមាជិកសភាជាច្រើនរូបទៀតត្រូវធ្វើចត្តាឡីស័ក។ រដ្ឋមន្ត្រីទាំងនេះមានដូចជារដ្ឋមន្ត្រីសុខាភិបាល លោក Anutin Charnvirakul, រដ្ឋមន្ត្រីអប់រំលោកស្រី Treenuch Thienthong និងឧបនាយករដ្ឋមន្ត្រីលោក Wisanu Kreungam។
ករណីឆ្លង COVID-19 ជាចង្កោមត្រូវបានរកឃើញជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដែលមានជាប់ពាក់ព័ន្ធនឹងហាងលក់ស្រា និងក្លឹបកម្សាន្តជាច្រើន ក្នុងទីក្រុងបាងកក ជាពិសេសក្នុងស្រុក Wattana តែម្ដង។ នៅចន្លោះពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា អាជ្ញាធរសុខាភិបាលថៃបានរកឃើញករណីឆ្លង ២៥៧ករណីចេញពីទីតាំងទាំងនេះ រីឯករណីឆ្លងជាចង្កោមក៏ត្រូវបានរាយការណ៍ដែរចេញពីទីតាំងកម្សាន្តនៅជុំវិញខេត្តដូចជាខេត្ត Chonburi, Samut Prakarn, Suphan Buri និងខេត្ត Nonthaburi។
ប្រឈមមុខនឹងការឆ្លងជាចង្កោម និងមុនពិធីបុណ្យសង្រ្កាន្តចូលមកដល់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមេសានេះ អាជ្ញាធរសុខាភិបាលថៃត្រូវបានគេរំពឹងថាអាចនឹង ប្រកាសបែងចែកតំបន់ប្រកាសអាសន្នពី COVID-19 ទៅតាមកម្រិតនៃហានិភ័យនីមួយៗ។ តំបន់ប្រកាសអាសន្នកម្រិតពណ៌ក្រហមក្នុងនោះអាចមានដូចជា ទីក្រុងបាងកក, ខេត្ត Pathum Thani, Nonthaburi, Samut Prakarn និងខេត្ត Nakhon Pathom ហើយការសម្រេចចិត្តណាមួយនឹងត្រូវធ្វើឡើងដោយ ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃថៃ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១នេះ រដ្ឋាភិបាលថៃក៏បានសម្រេចហាមឃាត់ការលេងបាចទឹកដាក់គ្នានៅតាមដងផ្លូវផងដែរ ដែលជាទូទៅត្រូវប្រារព្ធនៅក្នុងពិធីបុណ្យ សង្រ្កាន្តដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19៕