(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦៦,៥១៥នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៧៩០នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣២,៧៣៥,៧០៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៨៥,០៧៥នាក់ និងជាសះស្បើយឡើងសរុប ២៥,២៩៦,០៤៧នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។
គួរបញ្ជាក់ថា នៅថ្ងៃសុក្រសប្តាហ៍នេះលោកស្រី រ៉ូឈែល វ៉ាលែនស្គី (Rochelle Walensky) នាយកមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺ (CDC) បានអះអាងថា វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson អាចនឹងត្រូវអនុម័តឲ្យប្រើប្រាស់ឡើងវិញ ឆាប់បំផុតនៅថ្ងៃសៅរ៍សប្តាហ៍នេះ ប៉ុន្តែវានឹងត្រូវអមជាមួយការណែនាំ អំពីសុវត្ថិភាពផងដែរ។
គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២១៩លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជាង ១៣៥,៧៩១,០៣១នាក់ (ជាង ៤១.៤%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជិត ៩០លាននាក់ (២៧.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស (គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ពេលវេលានៅសហរដ្ឋអាមេរិក)៕