(វ៉ាស៉ីនតោន)៖ មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូបនៅថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា ទណ្ឌកម្មដែលទីក្រុងវ៉ាស៉ីនតោនដាក់ទៅលើរុស្ស៉ី កាលពីសប្តាហ៍នេះ បានផ្តល់លទ្ធផលជិតស្មើនឹង អ្វីដែលសហរដ្ឋអាមេរិករំពឹងទុក ស្របពេលដែលភាពតានតឹងហាក់បានថយចុះទៅវិញ រវាងប្រទេសទាំងពីរ ជុំវិញបញ្ហាអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១។
លោក Daleep Singh មន្រ្តីជាន់ខ្ពស់ផ្នែកផ្តល់ប្រឹក្សាសេដ្ឋកិច្ចអន្តរជាតិប្រចាំសេតវិមាន បានលើកឡើងដូច្នេះថា «ទណ្ឌកម្មពេលខ្លះគ្រាន់ ជាឧបករណ៍សម្រាប់ជួយជំរុញយុទ្ធសាស្រ្តមួយប៉ុណ្ណោះ ដែលក្នុងករណីនេះ គឺបង្កើតទំនាក់ទំនងដែលមានស្ថិរភាព និងងាយស្មានដឹងជាងមុនជាមួយរុស្ស៉ី ហើយលទ្ធផលមកទល់ពេលនេះ គឺវាកៀកទៅនឹងអ្វីដែលយើងសង្ឃឹមចង់បាន»។
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលក្ខណៈទូលំទូលាយ លើប្រទេសរុស្ស៉ី សម្រាប់គំរាមកំហែងអ៊ុយក្រែន ព្រមទាំងការជ្រៀតជ្រែកដំណើរការបោះឆ្នោតអាមេរិកឆ្នាំមុន ក៏ដូចជាការវាយលុកផ្នែកព័ត៌មានវិទ្យា និងសកម្មភាពមួយចំនួនទៀត ដែលអាមេរិកបានចោទរុស្ស៉ី។ យ៉ាងណាមិញ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសង្កត់ធ្ងន់ថា លោកមិនចង់បង្កើនភាពតានតឹងនោះទេ។
ខាងទីក្រុងម៉ូស្គូបានឆ្លើយតបវិញ តាមរយៈការស្នើឲ្យអ្នកការទូតអាមេរិក១០នាក់ ចាកចេញពីប្រទេសរុស្ស៉ី និងបានប្រាប់ឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំរុស្ស៉ី វិលត្រឡប់ទៅប្រទេសកំណើតវិញ ដើម្បីពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៉ីនតោន ប៉ុន្តែរុស្ស៉ីបានទុកទ្វារចំហ សម្រាប់កិច្ចសន្ទនានាពេលខាងមុខ រួមទាំងសម្រាប់លទ្ធភាពនៃកិច្ចប្រជុំកំពូលរវាងលោក បៃដិន និងលោក ពូទីន។
គួរបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៉ី ក៏ទើបតែបានប្រកាសពីការចាប់ផ្តើមចល័តកងទ័ព ចេញពីតំបន់គ្រីមៀនិងតាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែន ឲ្យចូលបន្ទាយវិញផងដែរ បន្ទាប់ពីបានបង្កឲ្យមានក្តីបារម្ភអំពីការផ្ទុះសង្រ្គាម។ ចំណែកឯ មេបក្សប្រឆាំងរុស្ស៉ី លោក Navalny ដែលត្រូវបានទីក្រុងវ៉ាស៉ីនតោនយកចិត្តទុកដាក់ឃ្លាំមើលជាប់នោះ បាននិយាយថា រូបលោកនឹងសម្រេចបញ្ចប់ការធ្វើកូដកម្មបង្អត់អាហារវិញហើយ ក្រោយទទួលបានការថែទាំផ្នែកសុខាភិបាលពីអាជ្ញាធររុស្ស៉ី ខណៈលោកកំពុងជាប់ពន្ធនាគារ៕