(ប៉េកាំង)៖ អ្នកនាង Huang Wenxiu ជាកម្មាភិបាលផ្នែកឃោសនាការ នៃគណៈកម្មការបក្សក្រុង Baise នៃភូមិភាគស្វយ័តជនជាតិជាន់ក្វាំងស៊ី និងជាជនគំរូនៃការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រ នៅទូទាំងប្រទេសចិន។
អ្នកនាង Huang Wenxiu កើតនៅក្នុងគ្រួសារកសិករមួយនៅភូមិ Babie ក្រុង Baise ដែលមានជីវភាពក្រីក្រណាស់។ តាំងពីកុមារភាពមក គាត់បានឃើញអ្នកភូមិប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ក៏មានចំណាប់អារម្មណ៍យ៉ាងស៊ីជម្រៅ ពីភាពក្រលំបាកនៃជីវិតរបស់កសិករក្រីក្រ នៅតាមជនបទ។ ដូច្នេះ ក្មេងស្រីរូបនេះ បានខិតខំប្រឹងប្រែង តាំងពីនាងនៅតែក្មេង ប្តេជ្ញាចិត្តទៅសិក្សានៅទីក្រុងធំៗ ដើម្បីទទួលបាន ការអប់រំល្អប្រសើរជាងមុន។
នាងបានចូលរៀននៅសាកលវិទ្យាល័យគរុកោសល្យប៉េកាំង និងបានបញ្ចប់ការសិក្សា ដោយទទួលបានជំនួយឧបត្ថម្ហ ពីគោលនយោបាយជាតិចិន។ ឆ្នាំ២០១១ អ្នកនាង Huang Wenxiu អាយុ២២ឆ្នាំ បានចូលជាសមាជិកបក្សកុម្មុយនីស្តចិន។
ឆ្នាំ២០១៦ បន្ទាប់ពីបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យគរុកោសល្យប៉េកាំង នាងបានស្ម័គ្រចិត្តវិលត្រឡប់ទៅ តំបន់បដិវត្តន៍ចាស់នៅក្រុង Baise វិញ។
ឆ្នាំ២០១៨ អ្នកនាង Huang Wenxiu បានទៅភូមិ Baini ស្រុក Baise ដើម្បីកាន់មុខតំណែងជា លេខាធិការបក្សទី១ ប្រចាំនៅភូមិ។
មិត្តរួមថ្នាក់គាត់ធ្លាប់សួរថា ហេតុអ្វីបានជាបោះបង់ឱកាសការងារនៅទីក្រុងធំៗ ហើយត្រឡប់ទៅស្រុកកំណើតក្រីក្រវិញ? គាត់បានឆ្លើយថា មានមនុស្សជាច្រើនចេញពីជនបទ ក៏មិនចង់ត្រឡប់ទៅវិញទេ ប៉ុន្តែត្រូវមានអ្នកវិលត្រឡប់ទៅវិញ ខ្ញុំគឺជាមនុស្សដែលចង់ត្រឡប់ទៅវិញ។
ភូមិ Baini ជាភូមិក្រីក្របំផុត ក្នុងចំណោម៤៧២គ្រួសារនៅភូមិនេះ មានគ្រួសារក្រីក្រចំនួន១៩៥ ដែលជាកន្លែងសំខាន់មួយ ក្នុងការលុបបំបាត់ភាពក្រីក្រនៅក្វាងស៊ី។ នៅពេលគាត់ទៅដល់ភូមិវិញ អ្នកនាង Huang Wenxiu បានជួបប្រទះបញ្ហា ជាច្រើនដូចជា «តើយើងពិតជាអាចរួចផុតពី ភាពក្រីក្រជាច្រើនឆ្នាំហើយនោះទេ?» «តើក្មេងស្រីម្នាក់អាចធ្វើអីបាន?» អ្នកភូមិមួយចំនួន នាំគ្នាចោទជាសំណួរបែបនេះ។
អ្នកនាងHuang Wenxiu ក៏បានទៅពិគ្រោះយោបល់ជាមួយ លេខាធិការបក្សចាស់ក្នុងភូមិ ដើម្បីសុំយោបល់អំពីវិធីសាស្រ្តការងារ។ នាងបានប្រើពេលចុងសប្តាហ៍ ដើម្បីទៅសួរសុខទុក្ខ គ្រួសារក្រីក្រចំនួន១៩៥គ្រួសារនៅក្នុងភូមិ និងបានកំណត់សម្គាល់ឱ្យលម្អិត អំពីអាសយដ្ឋាន ស្ថានភាពគ្រួសារ មូលហេតុក្រីក្រជាដើមរបស់គ្រួសារនីមួយៗ។
ផ្លូវឆ្ពោះទៅកាន់ការលុបបំបាត់ភាពក្រីក្រ គឺពោរពេញទៅដោយការលំបាក។ ពេលថ្ងៃ អ្នកនាងHuang Wenxiu បានដើរក្នុងភូមិទាំងមូល ដើម្បីទៅសួរសុខទុក្ខគ្រួសារក្រីក្រ នៅពេលយប់ គាត់បានធ្វើការជាមួយកម្មាភិបាលភូមិ ដើម្បីសិក្សាស្រាវជ្រាវអំពីវិធានការកាត់បន្ថយ ភាពក្រីក្រ និងដាក់ចេញផែនការការងារ។
ក្នុងអាណត្តិរបស់គាត់ គាត់បានចាត់ចែងកម្មាភិបាលភូមិចេញទៅសិក្សាស្វែងយល់ អញ្ជើញអ្នកជំនាញបច្ចេកទេស មកណែនាំនៅនឹងកន្លែង ផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ និងសមាជិកបក្សនាំមុខដាំដុះ ហើយដឹកនាំអ្នកភូមិស្វែងរកមុខរបរ សមស្របនឹងការអភិវឌ្ឍនៃភូមិ គឺដាំក្រូចស្ករ ផ្កាយ anise, fir ជាដើម ដើម្បីជំរុញភូមិទាំងមូលឱ្យចេញផុតពីភាពក្រីក្រ។
ក្រោមការដឹកនាំរបស់អ្នកនាង Huang Wenxiu អត្រានៃភាពក្រីក្រនៅភូមិ Baini បានធ្លាក់ចុះពី២២.៨៨% នៅត្រឹម២.៧១% គ្រួសារចំនួន ៨៨ត្រូវជា៤១៨នាក់បានចេញផុតពីភាពក្រីក្រ ហើយប្រាក់ចំណូលសេដ្ឋកិច្ចសមូហភាពរបស់ភូមិនេះ បានកើនឡើង៦៣៨០០យាន់ប្រាក់ចិន។ ការរីកចម្រើនជាបណ្តើរៗរបស់ភូមិ Baini និងគ្រួសារក្រីក្រសុទ្ធតែជា ញើសឈាមរបស់នាង។
ប៉ុន្តែនៅពេលដែលអ្នកនាង Huang Wenxiu កំពុងដឹកនាំអ្នកភូមិឱ្យចេញផុតពីភាពក្រីក្រ រឿងអកុសលបានកើតឡើង។
នៅយប់ថ្ងៃទី១៦ខែ មិថុនា ឆ្នាំ២០១៩ បន្ទាប់ពីបានទៅសួរសុខទុក្ខឪពុករបស់គាត់ ដែលទើបធ្វើការវះកាត់ អ្នកនាង Huang Wenxiu បានប្រញាប់ត្រឡប់ទៅភូមិ Baini វិញទាំងយប់ ដោយសារតាមផ្លូវមានភ្លៀងធ្លាក់ខ្លាំង គាត់បានជួបនឹងគ្រោះបាក់ដីភ្នំ។ ជាអកុសល គាត់បានស្លាប់ ក្នុងអាយុតែ៣០ឆ្នាំប៉ុណ្ណោះ។
អ្នកនាង Huang Wenxiu ខិតខំប្រឹងប្រែងធ្វើការនៅជួរមុខ នៃយុទ្ធនាការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រ បានរួមចំណែកដល់សង្គម ប្រកាន់ខ្ជាប់គោលបំណងដើម និងបេសកកម្មរបស់សមាជិកបក្សកុម្មុយនិស្តចិន និងបង្ហាញពីឆន្ទៈរបស់យុវជនចិន ក្នុងយុគសម័យថ្មី៕