(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១នេះថា ប្រទេសថៃនឹងទិញវ៉ាក់សាំងបង្ការ COVID-19 ឲ្យបាន ១០០លានដូស ដែលអាចចាក់ជូនប្រជាជនបាន ៥០លាននាក់ នៅត្រឹមចុងឆ្នាំ២០២១ ខណៈរដ្ឋាភិបាលចិនតាមរយៈលោករដ្ឋមន្ត្រីការបរទេស វ៉ាង យី ក៏បានសន្យាបរិច្ចាគវ៉ាក់សាំង ៥០០,០០០ដូសដល់ប្រទេសថៃផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation។
សេចក្តីថ្លែងការណ៍ខាងលើបានបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ប្រទេសថៃទទួលបានចាក់វ៉ាក់សាំងបង្ការ COVID-19 ប្រមាណ ២.១លានដូសរួចទៅហើយ ដែលអាចចាក់ជូនប្រជាជន ១.០៥លាននាក់ ខណៈវ៉ាក់សាំងខ្ទង់ ១លានដូសហើយ ត្រូវបានចាក់ជូនប្រជាជន ស្ថិតនៅតំបន់ប្រឈមមួយចំនួន ហើយពាក់កណ្តាលនៃចំនួនអ្នកដែលបានចាក់វ៉ាក់សាំង គឺជាបុគ្គលិកសុខាភិបាលជួរមុខ និងក្រុមអ្នកស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹង COVID-19។
លោក ប្រាយុទ្ធ ចាន់អូចា បានបន្ថែមទៀតថា នៅក្នុងផែនការទិញវ៉ាក់សាំងឲ្យបាន ១០០លានដូសនោះ គឺ ៦៤លានដូសត្រូវបានបញ្ជាទិញរួចទៅហើយ ដោយក្នុងនោះ ៦១លានដូសជាវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ដែលនឹងមកដល់ចាប់ពីខែមិថុនា ខាងមុខនេះតទៅ និង ២.៥លានដូសទៀត ជាវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac ដែលបានមកដល់ប្រទេសថៃ គ្រប់ចំនួនរួចហើយគិតត្រឹមថ្ងៃសៅរ៍នេះ។
សម្រាប់វ៉ាក់សាំងបង្ការ COVID-19 រាប់សិបលានដូសទៀត ដែលស្ថិតនៅក្នុងផែនការខាងលើ ប្រទេសថៃគ្រោងនឹងបញ្ជាទិញពីក្រុមហ៊ុនរុស្ស៊ី និងសហរដ្ឋអាមេរិក។ ថៃគ្រោងទិញវ៉ាក់សាំងវ៉ាក់សាំង Sputnik V របស់រុស្ស៊ីប្រមាណពី ៥-១០លានដូស និង Pfizer របស់សហរដ្ឋអាមេរិកប្រមាណពី ១០-១៥លានដូស។ បន្ថែមពីនេះ ថៃបានបង្កើនផែនការទិញថ្នាំរាប់លានគ្រាប់ទុកបម្រុង ដើម្បីព្យាបាលអ្នកជំងឺ COVID-19 និងគ្រែពេទ្យរាប់ម៉ឺនគ្រឿងផងដែរ ឆ្លើយតបនឹងកំណើនអ្នកឆ្លង។
បើតាមលោក ប្រាយុទ្ធ បានគូសបញ្ជាក់ថា រដ្ឋាភិបាលថៃបានត្រៀមថវិកា ៣៨០ពាន់លានបាត ដែលស្មើនឹងជាង ១២ពាន់លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់ផែនការខាងលើនេះ។ ដោយឡែក ទីក្រុងបាងកក ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ថៃ រដ្ឋាភិបាលគ្រោងចាក់វ៉ាក់សាំងជូនប្រជាជន ឲ្យបានយ៉ាងហោចណាស់ ៧០% ឬស្មើនឹង ៥.៣៥លាននាក់់ក្នុងទីក្រុងនេះ នៅត្រឹមដំណាច់ឆ្នាំ២០២១៕