(វែលីងតោន)៖ នូវែលសេឡង់កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានសម្រេចផ្អាកជាបណ្តោះអាសន្ន ការធ្វើដំណើរដោយសេរីជាមួយអូស្រ្តាលី បន្ទាប់ពីផ្នែកនៃរដ្ឋអូស្រ្តាលីខាងលិច ត្រូវបានដាក់ឲ្យស្ថិតក្រោមការបិទខ្ទប់ ព្រោះទើបរកឃើញមានករណីឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១។
ការសម្រេចចិត្តខាងលើរបស់រដ្ឋាភិបាលនូវែលសេឡង់ធ្វើឡើង ក្រោយរដ្ឋអូស្រ្តាលីខាងលិចនៃប្រទេសអូស្រ្តាលី បានប្រកាសថា តំបន់ Perth និង Peel ត្រូវស្ថិតក្រោមវិធានការបិទខ្ទប់ (Lockdown) រយៈពេលខ្លីគឺ០៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យសប្តាហ៍នេះ ដោយសារតែទើបរកឃើញអ្នកដំណើរម្នាក់ តេស្តវិជ្ជមានចំពោះជំងឺ COVID-19។
គួរបញ្ជាក់ថា នូវែលសេឡង់និងអូស្រ្តាលី បានអនុវត្តកម្មវិធីធ្វើដំណើរដោយសេរី គឺមិនមានការតម្រូវឲ្យធ្វើចត្តាឡីស័ក កាលពីថ្ងៃទី១៨ ខែមេសា បន្ទាប់ពីប្រទេសទាំងពីរគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អ ហើយបិទព្រំដែនអន្តរជាតិរៀងៗខ្លួន អស់រយៈពេលជិត៤០០ថ្ងៃ។ កម្មវិធីនេះ ត្រូវបានកោតសរសើរថា ជាការបោះជំហានដ៏សំខាន់មួយ ក្នុងការស្តារវិស័យធ្វើដំណើររបស់ពិភពលោកឡើងវិញ ដែលត្រូវបានជាប់គាំងដោយសារតែវិបត្តិ COVID-19៕