(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤៧,៤៥៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤៥៥នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣២,៨៧៥,០៤៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៨៦,៦១១នាក់ និងជាសះស្បើយឡើងសរុប ២៥,៤៧៥,៧៨៩នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣១លាននាក់។
បើតាមសារព័ត៌មានអាមេរិក ស្ថានការណ៍ឆ្លងរាតត្បាត COVID-19 ប្រចាំថ្ងៃក្នុងប្រទេសមហាអំណាចនេះ ហាក់មានសភាពកាន់តែធូរស្រាល ហើយការព្រួយបារម្ភក៏កំពុងរសាយបន្តិចម្តងៗផងដែរ។ ទោះបីជាបែបនេះក្តី រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន នៅតែជំរុញឲ្យមានការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺនេះឲ្យបានខ្លាំងក្លាដដែល បន្ទាប់ពីវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson ត្រូវបានអនុម័តឲ្យប្រើឡើងវិញ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជិត ២៣០លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត ១៤០នាក់ (៤២.៦%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជិត ៩៤.៧៧លាននាក់ (២៨.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕