(អ៊ឺរ៉ុប)៖ នាយកប្រតិបត្តិរបស់សហភាពអ៊ឺរ៉ុបបានផ្តល់អនុសាសន៍បន្ធូរបន្ថយវិធានការរឹតបន្តឹងប្រឆាំងនឹង COVID-19 លើការធ្វើដំណើរនៅខែក្រោយ ដើម្បីអនុញ្ញាតឱ្យអ្នកដំណើរបរទេសមកពីប្រទេសជាច្រើនអាចចូលមកប្លុកនេះ ដោយសង្ឃឹមថានឹងអាចជំរុញឲ្យឧស្សាហកម្មទេសចរណ៍ដែលកំពុងរងគ្រោះរស់ឡើងវិញនៅរដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១។
នៅក្រោមវិធានការរឹតត្បិតនាពេលបច្ចុប្បន្ននេះ មានតែប្រជាជនមកពីប្រទេសចំនួនប្រាំពីរប៉ុណ្ណោះ ដោយក្នុងនោះរួមមានប្រទេសអូស្រ្តាលី និងសិង្ហបុរី អាចចូលសហភាពអឺរ៉ុបបាននៅវិស្សមកាល ដោយមិនគិតពីថាតើពួកគេបានចាក់វ៉ាក់សាំងរួចឬអត់ទេ ប៉ុន្តែត្រូវឆ្លងកាត់ការធ្វើតេស្ត ឬការដាក់ឱ្យនៅដាច់ដោយឡែក។
សំណើថ្មីដែលត្រូវបានបង្ហាញដោយគណៈកម្មការអឺរ៉ុបនៅថ្ងៃចន្ទនេះ នឹងអនុញ្ញាតឱ្យពលរដ្ឋបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញ និងប្រជាពលរដ្ឋដែលមកពីប្រទេសដែលមានស្ថានភាពល្អ អាចចូលប្លុកនេះបាន។
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានសរសេរនៅលើបណ្តាញសង្គម Twitter ថា «វាដល់ពេលដែលត្រូវធ្វើឱ្យឧស្សាហកម្មទេសចរណ៍រស់រវើកឡើងវិញហើយ និងបង្កើនចំណងមិត្តភាពឆ្លងព្រំដែន ដោយសុវត្ថិភាព»។
មន្ត្រីសហភាពអ៊ឺរ៉ុបម្នាក់បាននិយាយថា «យើងចង់ធ្វើរឿងនេះមុនពេលការធ្វើដំណើរកម្សាន្តនារដូវក្តៅដ៏ធំខាងមុខ បានចាប់ផ្តើម»។
គួរបញ្ជាក់ថា រដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង២៧ គ្រោងនឹងចាប់ផ្តើមពិភាក្សាលើសំណើរនេះ នៅថ្ងៃអង្គារសប្តាហ៍នេះតែម្តង ដោយសង្ឃឹមថាវានឹងត្រូវបានអនុម័តនៅខែនេះ៕