(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសថាលោកនឹងអនុញ្ញាតឱ្យជនអន្តោប្រវេសន៍ ៦២,៥០០នាក់ ចូលមកក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១នេះ បន្ទាប់ពីរងការរិះគន់ជុំវិញគោលនយោបាយអន្តោប្រវេសន៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ ព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១។
ការសម្រេចចិត្តខាងលើកើតមានឡើងក្រោយមានការរិះគន់ជាច្រើនថាលោក បៃដិន នៅតែបន្តរក្សាគោលនយោបាយអន្តោប្រវេសន៍មួយចំនួនដែលសល់ពី អតីតរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។ នៅជំនាន់លោក ត្រាំ សហរដ្ឋអាមេរិកយល់ព្រមទទួលជនអន្តោប្រវេសន៍តែ ១៥,០០០នាក់ប៉ុណ្ណោះ។
លោក បៃដិនបានគូសបញ្ជាក់បន្ថែមនៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា៖ «នេះជាការលុបចោលជាប្រវត្តិសាស្ត្រនៃការទទួលយកជនអន្តោប្រវេសន៍ក្នុង ចំនួនដ៏ទាបដែលបន្សល់ទុកដោយរដ្ឋបាលមុនត្រឹម ១៥,០០០នាក់ ដែលមិនបានឆ្លុះបញ្ចំាងពីតម្លៃរបស់សហរដ្ឋអាមេរិកក្នុងនាមជាប្រជាជាតិមួយដែល ស្វាគមន៍ និងគាំទ្រជនអន្តោប្រវេសន៍ឡើយ»។
គួរបញ្ជាក់ថា តាមរយៈការសម្រេចចិត្តខាងលើ សេតវិមានរំពឹងថាអាចនឹងបន្សាបការរិះគន់នៅក្នុងចំណោមសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ហើយអាចរក្សាឯកភាពក្នុងបក្សសំដៅជំរុញឱ្យមានការអនុម័តលើសំណើរកញ្ចប់ថវិកាសង្គម និងហេដ្ឋារចនាសម្ព័ន្ធមានទំហំរាប់ទ្រីលានដុល្លារ របស់លោក ចូ បៃដិន ដែលអះអាងថាមានភាពចាំបាច់ដើម្បីប្រជែងជាមួយចិន៕