(បាងកក)៖ នៅថ្ងៃព្រហស្បតិ៍នេះ ថៃបានបញ្ជាក់ជាថ្មីម្តងទៀតថា ខ្លួនគ្រោងរួមបញ្ចូលជនបរទេស០៣លាននាក់ ដែលកំពុងរស់នៅក្នុងប្រទេសនេះ ទៅក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទ្រង់ទ្រាយធំ ដើម្បីការពារមនុស្សគ្រប់រូប ដែលស្ថិតនៅក្នុងប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១។
លោក អូផាស កានកាវីនភុង (Opas Kankawinpong) ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ បាននិយាយដូច្នេះថា «មនុស្សគ្រប់រូបដែលរស់នៅក្នុងប្រទេសថៃ មិនថាជាជនជាតិថៃផ្ទាល់ ឬមួយជនបរទេសនោះឡើយ ប្រសើបើពួកគេចង់ទទួលការចាកវ៉ាក់សាំង គឺពួកគេអាចធ្វើយ៉ាងដូច្នោះបាន។ ពុំមាននរណាម្នាក់ អាចមានសុវត្ថិភាពនោះទេ រហូតទាល់តែគ្រប់គ្នាសុទ្ធតែមានសុវត្ថិភាព»។
កន្លងមក រដ្ឋាភិបាលថៃបានប្រកាសជាដដែលៗថា ជនបរទេសនៅក្នុងប្រទេសថៃ នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19។ តែទោះជាយ៉ាងណា ក្តីព្រួយបារម្ភនៅតែកើតមាន ក្នុងចំណោមជនបរទេសទាំងនោះ ជាពិសេសនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជុំវិញបញ្ហាដូចជា ខ្វះការផ្តល់ព័ត៌មានលម្អិត ការចុះឈ្មោះ និងការភាន់ច្រឡំពាក់ព័ន្ធប្រភពនៃការផ្តល់វ៉ាក់សាំង ជាដើម។
គួរបញ្ជាក់ថា ថៃមិនទាន់បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ក្នុងទ្រង់ទ្រាយធំនៅឡើយទេ ដោយការចាក់កន្លងមកភាគច្រើន ធ្វើឡើងសម្រាប់តែបុគ្គលិកផ្តល់សេវាជួរមុខប៉ុណ្ណោះ។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ថៃចាក់វ៉ាក់សាំងបាន១.៦លានដូស។ ដោយឡែក ស្ថានការណ៍ ឆ្លងរាលដាលនៃជំងឹ COVID-19 នៅក្នុងប្រទេសថៃវិញ គឺបន្តរកឃើញខ្ទង់ក្បែរៗ២,០០០នាក់ តាំងតែពីពាក់កណ្តាលខែមេសាមក៕