(វ៉ាស៊ីនតោន)៖ ការឆ្លងរាតត្បាត COVID-19 នាពេលបច្ចុប្បន្នហាក់ដូចជាមានសភាពកាន់តែអាក្រក់ឡើង ដោយអ្នកឆ្លងប្រចាំថ្ងៃនៅទូទាំងពិភពលោកច្រើនជាង ៨០០,០០០នាក់ត្រូវបានរាយការណ៍កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ។ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធ ទី០៥ ខែឧសភានេះបានគណនា ឃើញថាចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសឥណ្ឌាគឺស្មើនឹង ៤៦% នៃចំនួនករណីឆ្លងសរុបដែលត្រូវបានកត់ត្រានៅទូទាំងពិភពលោក កាលពីសប្តាហ៍មុន ខណៈអ្នកស្លាប់គឺស្មើនឹង ២៥% នៃចំនួនអ្នកស្លាប់ទូទាំងពិភពលោក។

បើតាមក្រុមអ្នកជំនាញ ការកើនឡើងនៃករណីឆ្លងនៅជុំវិញពិភពលោក ជាពិសេសនៅឥណ្ឌាគឺបណ្ដាលមកពីកត្តាគួបផ្សំដូចជាការធ្វេសប្រហែសក៏ដូចជាចំណាត់ការ ទន់ខ្សោយរបស់រដ្ឋាភិបាល និងវីរុសបំប្លែងខ្លួនថ្មីតែម្ដងដែលត្រូវបានគេជឿជាក់ជាមូលហេតុចម្បងមួយនៅពីក្រោយការកើនឡើងករណីឆ្លង និងស្លាប់ រហូតដល់បង្ក មានឱ្យមានការចោទសួរកាន់តែច្រើនថាតើវ៉ាក់សាំង COVID-19 អាចបង្ការ ឬមានប្រសិទ្ធភាពប្រឆាំងវីរុសបំប្លែងខ្លួនថ្មីដែរឬទេ?

*អ្វីទៅជាវីរុសបំប្លែងខ្លួនថ្មី?

ជាធម្មតាវីរុសតែងតែវិវត្ត ឬប្រែប្រួលដែលគេតែងហៅថា «បំប្លែងខ្លួនថ្មី» ដូចអ្វីដែលកំពុងកើតឡើងចំពោះវីរុសកូវីដ-១៩ អីចឹង។ ពាក្យ «បំប្លែងខ្លួនថ្មី» គឺជាចង់សំដៅលើវីរុសបំប្លែង ឬវិវត្តខ្លួនម្ដង ឬក៏ច្រើនដងទៅជាវីរុសថ្មីមួយចេញពីវីរុសដើមរបស់វា។ ជាឧទាហរណ៍ ដូចដែលយើងបានឃើញនាពេលបច្ចុប្បន្ន មានវីរុសបំប្លែងខ្លួនថ្មីជាច្រើនកើតចេញពីវីរុស SARS-CoV-2 ដែលជាវីរុសដើមបង្កជំងឺ COVID-19 ដូចជាវីរុសបំប្លែងខ្លួនថ្មី B.1.1.7 មានប្រភពដើមនៅចក្រភពអង់គ្លេសជាដើម។

*តើវីរុសបំប្លែងខ្លួនថ្មីណាខ្លះកំពុងបង្កការព្រួយបារម្ភ?

អង្គការសុខភាពពិភពលោក (WHO) កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើវីរុសបំប្លែងខ្លួនថ្មីចំនួន១០ នៅជុំវិញពិភពលោក។ ជាទូទៅការបំប្លែងខ្លួនរបស់វីរុស (Mutation) មិនមែនជារឿងដែលគេត្រូវបារម្ភគ្រប់ពេលនោះទេ ដ្បិតភាគច្រើននៃការបំប្លែងខ្លួនកើតឡើងនៅក្នុងកម្រិតតូចប៉ុណ្ណោះ ដោយពេលខ្លះវាអាចចម្លង លឿនរហ័ស ឬមានភាពកាចសាហាវជាងវីរុសដើមរបស់វា ហើយពេលខ្លះវីរុសបំប្លែងខ្លួនក៏អាចមានទម្រង់ទន់ខ្សោយក៏ថាបាន។

បើតាម WHO វីរុសបំប្លែងខ្លួនថ្មីដែលកំពុងស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ និងត្រូវបានគេបានគេចាត់ទុកថាអាចចម្លងជំងឺលឿនរហ័ស ឬមានភាព កាចសាហាវជាងវីរុសដើមរបស់វាក្នុងនោះរួមមាន វីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមនៅចក្រភពអង់គ្លេស B.1.1.7, វីរុសបំប្លែងខ្លួនថ្មីអាហ្វ្រិកខាងត្បូង B.1.351, វីរុសបំប្លែងខ្លួនថ្មីប្រេស៊ីល P.1, វីរុសបំប្លែងខ្លួនថ្មី B.1.427 និង B.1.429 ដែលត្រូវបានរកឃើញដំបូងនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ព្រមទាំងវីរុសបំប្លែងខ្លួនថ្មី B.1.617 ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា។

*តើវ៉ាក់សាំងអាចការពារអ្នកប្រឆាំងវីរុសបំប្លែងខ្លួនថ្មីបានឬទេ?

វត្តមានវីរុសបំប្លែងខ្លួនថ្មី បាន និងកំពុងបង្កឱ្យមានការព្រួយបារម្ភខ្លាចក្រែងថាវាអាចប្រឆាំង ឬកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំង ហើយអាចនឹងចម្លងជំងឺសាជាថ្មី ដល់អ្នកដែលធ្លាប់ឆ្លងរួចហើយ ស្របពេលក្រុមហ៊ុនផលិតវ៉ាក់សាំងមួយចំនួនអះអាងថាវ៉ាក់សាំងរបស់ពួកគេមានប្រសិទ្ធភាពបង្ការវីរុសបំប្លែងខ្លួនថ្មី។

មកទល់នឹងពេលបច្ចុប្បន្ន វ៉ាក់សាំងអភិវឌ្ឍឡើងដោយក្រុមហ៊ុន Moderna, Johnson & Johnson និងក្រុមហ៊ុន Pfizer/BioNTech ត្រូវបានគេរាយការណ៍ថា នៅតែមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់ ប្រឆាំងនឹងទាំងវីរុសដើម COVID-19 និងវីរុសបំប្លែងខ្លួនថ្មី។ បើតាមលោក ហ្វីកាឌូ តាហ្វែស (Fikadu Tafesse) ជាសាស្ត្រាចារ្យរងមកពីសាកលវិទ្យាល័យ Oregon Health & Science University ជាពិតណាស់ថាវ៉ាក់សាំងបច្ចុប្បន្ននៅមានវ៉ាក់សាំងខ្លះ មានប្រសិទ្ធភាព និងខ្លះទៀតគ្មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីឡើយ។

ជាក់ស្ដែងវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca សហការជាមួយក្រុមហ៊ុន Oxford មិនមានប្រសិទ្ធភាពប្រឆាំងវីរុសបំប្លែងខ្លួនថ្មីអាហ្វ្រិខាងត្បូង B.1.351 នោះទេនៅក្នុងការធ្វើតេស្ដ ជាហេតុជំរុញឱ្យអាជ្ញាធរអាហ្វ្រិកខាងត្បូងសម្រេចចិត្តបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង AstraZeneca ហើយកំពុងលក់វ៉ាក់សាំងនេះឱ្យ បណ្ដាប្រទេសដទៃវិញ។ តែទោះជាយ៉ាងក៏ដោយ លោក Fikadu អះអាងថាវាមិនមែនមានន័យថាវ៉ាក់សាំងគ្មានការការពារទាំងស្រុងនោះទេ។

ការសិក្សាជាច្រើនបានរកឃើញថាដ្បិតវ៉ាក់សាំងមិនអាចការពារអ្នកបានទាំងស្រុងពី COVID-19 ហើយអ្នកចាក់វ៉ាក់សាំងគ្រប់ដូស ឬ២ដូសមួយចំនួននៅតែអាចឆ្លង សាជាថ្មីក៏ដោយ តែអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ឬ ២ដូសប្រឈមមុខនឹងហានិភ័យឆ្លង ឬស្លាប់ទាបជាងមនុស្សដែលមិនបានចាក់វ៉ាក់សាំង។ នេះមាន ន័យថាវ៉ាក់សាំងមិនត្រឹមតែបង្ការការចម្លងប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានតួនាទីជួយសង្រ្គោះកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬស្លាប់បានផងដែរ។ រឹតតែសំខាន់ទៅទៀតនោះ ក្នុងកាលៈទេសៈដែល COVID-19 កំពុងលុកលុយខ្លាំង ការអនុវត្តវិធានការសុខាភិបាលនានាដូចជាការពាក់ម៉ាស ឬរក្សាគម្លាតសុវត្ថិភាពនៅតែមានភាពចាំបាច់តម្រូវ អនុវត្ត៕

ប្រភព៖ Vox (ថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១)