(តែលអាវីវ)៖ ការសិក្សានៅប្រទេសអ៉ីស្រាអែលបានរកឃើញថា ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech បានគ្រប់ពីរដូស មានប្រសិទ្ធភាពជាង ៩៥ភាគរយ ទប់ទល់នឹងការឆ្លង, ការបណ្តាលឲ្យធ្លាក់ខ្លួនឈឺ និងការស្លាប់។ នេះបើតាមការចេញផ្សាយ ដោយវែបសាយព័ត៌មាន The Guardian នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១។
យោងតាមការសិក្សាខាងលើ ដែលទើបចេញផ្សាយនៅលើទស្សនាវដ្តីវេជ្ជសាស្រ្ត Lancet វ៉ាក់សាំង Pfizer-BioNTech មួយដូសដំបូង ផ្តល់ប្រសិទ្ធភាព ៥៨ភាគរយប្រឆាំងនឹងការឆ្លង, ៧៦ភាគរយប្រឆាំងនឹងការធ្លាក់ខ្លួនឈឺ និង ៧៧ភាគរយប្រឆាំងការបាត់បង់ជីវិត។ ប៉ុន្តែនៅរយៈពេល ០៧ថ្ងៃ ក្រោយទទួលបានដូសទីពីរ វ៉ាក់សាំង Pfizer-BioNTech ផ្តល់ការការពារ ៩៥.៣ភាគរយប្រឆាំងនឹងការឆ្លង, ៩៧.២ភាគរយប្រឆាំងនឹងការធ្លាក់ខ្លួនឈឺ និង ៩៦.៧ភាគរយប្រឆាំងការស្លាប់។ មិនតែប៉ុណ្ណោះដល់ថ្ងៃទី១៤ ក្រោយដូសទីពីរ ប្រសិទ្ធភាពនៃការការពារ នៅអាចកើនឡើងបន្តិចថែមទៀត។
គួរបញ្ជាក់ថា បើគិតពីភាគរយនៃចំនួនប្រជាជនសរុប ដែលបានទទួលការចាកវ៉ាក់សាំង COVID-19 អ៉ីស្រាអែលគឺជាប្រទេសនាំមុខគេលើលោក។ កាលពីចុងខែធ្នូ ឆ្នាំ២០២០ អ៉ីស្រាអែលបានសម្រេចបិទខ្ទប់ប្រទេសទាំងមូល រហូតដល់ខែមីនា ឆ្នាំ២០២១ ដោយសារតែ ពេលនោះមានការឆ្លងរាលដាលខ្លាំង ហើយទន្ទឹមគ្នា យុទ្ធនាការចាក់វ៉ាក់សាំងក៏បានប្រព្រឹត្តទៅផងដែរ។ នៅត្រឹមថ្ងៃទី០៣ ខែមេសា ៧២ភាគរយនៃមនុស្សពេញវ័យ ដែលមានអាយុចាប់ពី ១៦ឆ្នាំឡើង និង ៩០ភាគរយនៃអ្នកមានវ័យលើសពី ៦៥ឆ្នាំ នៅក្នុងប្រទេសអ៉ីស្រាអែល ទទួលបានការចាក់វ៉ាក់សាំងគ្រប់ពីរដូស។ អ៉ីស្រាអែលប្រើតែវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ប៉ុណ្ណោះ៕