(ញូយ៉ក)៖ មន្ត្រីជាន់ខ្ពស់ម្នាក់នៃអង្គការសហប្រជាជាតិ (UN) បាននិយាយថាពិភពលោកនឹងមិនអាចដំណើរការ ឬបំពេញការងារបានដោយរលូនឡើយ បើសិនជា គ្មាន UN ទេនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១។
ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់ UN លោក Munir Akram ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថានាឱកាសប្រារព្ធ ទិវាកិច្ចសន្ទនាស្ដីពីពហុភាគីនិយម និងការទូតនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ។ លោក Munir Akram ដែលជាតំណាងអចិន្ត្រយ៍ប៉ាគីស្ថានប្រចាំ UN ផងនោះ បានគូសបញ្ជាក់ដូច្នេះថា៖ «យើងសាកស្រមៃទៅមើលថា ពិភពលោកនឹងទៅជាយ៉ាងណា បើគ្មានប្រព័ន្ធរបស់អង្គការសហប្រជាជាតិ... អ្វីៗគ្រប់យ៉ាងនៃដំណើរការពិភពលោក គឺអាស្រ័យលើប្រព័ន្ធជាមូលដ្ឋាន ដែលកំណត់ដោយស្ថាប័នអន្តរជាតិកំពូលមួយនេះ ដ្បិតប្រព័ន្ធពហុភាគីនិយម គឺជាអង្គការសហប្រជាជាតិតែម្ដង»។
គួរបញ្ជាក់ថា មហាសន្និបាទអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រារព្ធទិវាអន្តរជាតិស្ដីពីពហុភាគីនិយម និងការទូតដើម្បីសន្តិភាព។ ទិវានេះត្រូវបាន បង្កើតឡើងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ អនុលោមតាមដំណោះស្រាយ UN ហើយត្រូវបារព្ធឡើងជាលើកដំបូងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩៕