(បាងកក)៖ ប្រទេសថៃ គ្រោងនឹងចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ដើម្បីជាជំនួយផ្នែកសេដ្ឋកិច្ចជួយដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយជំងឺ COVID-19 និងគាំទ្រដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ខ្លួន ដែលរងការគំរាមកំហែងដោយរលកឆ្លងរាតត្បាតថ្មី នៃជំងឺដ៏កាចសាហាវនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១។
បើតាមឧបនាយករដ្ឋមន្រ្តីថៃ លោក ស៊ូភាតតាណាភុត ភុនមីឆាវ (Supattanapong Punmeechaow) គណៈរដ្ឋមន្រ្តីថៃ បានអនុម័តកញ្ចប់ថវិកាគាំទ្រសេដ្ឋកិច្ច ដែលមានទំហំទឹកប្រាក់ប្រមាណ ១៧៨.៥ពាន់លានបាត (ប្រហែល ៥.៧ពាន់លានដុល្លារអាមេរិក) ។ លោក Supattanapong បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ តាមប្រព័ន្ធអ៊ីនធឺរណែតថា តាមរយៈកញ្ចប់ថវិកាសង្រ្គោះនេះ រដ្ឋាភិបាលនឹងជួយប្រជាជនតាមរយៈកម្មវិធីមួយចំនួន ដូចជាការអនុគ្រោះលើការទិញទំនិញ-សេវាកម្ម និងការផ្តល់លុយឧបត្ថម្ភជាដើម។
គួរបញ្ជាក់ថា វិធានការទាំងនេះ បានកើតឡើង ខណៈប្រទេសថៃបានបន្តនិងកំពុងដោះស្រាយជាមួយនឹង រលកឆ្លងរាតត្បាតដ៏អាក្រក់បំផុតនៃជំងឺ COVID-19 នៅក្នុងប្រទេសខ្លួន ដែលបានឆក់យកអាយុជីវិតមនុស្សអស់ជាង ២០០នាក់ ក្នុងរយៈពេលមួយខែចុងក្រោយនេះ ហើយធ្វើឲ្យករណីឆ្លងសរុបបានកើនលើសពីទ្វេដង គឺឡើងដល់៧៦,៨១១ករណី នៅថ្ងៃព្រហស្បតិ៍នេះ៕