(ម៉ាល់)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីវេជ្ជបណ្ឌិតជាន់ខ្ពស់ម្នាក់ ដែលបានរាយការណ៍នៅថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១នេះថា ប្រទេសម៉ាល់ឌីវ កំពុងប្រឈមមុខនឹងការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា (COVID-19) បំប្លែងខ្លួនថ្មីកាន់តែច្រើនឡើងៗ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។
លោកវេជ្ជបណ្ឌិត ម៉ូហាម៉េដ អាលី (Mohamed Ali) មកពីមជ្ឈមណ្ឌលជាតិព្យាបាលជំងឺផ្លូវដង្ហើមរបស់មន្ទីរពេទ្យ ឥណ្ឌីរ៉ា ហ្គាន់ឌី (Indira Gandhi Memorial) បានគូសបញ្ជាក់ថា វីរុសដែលកំពុងឆ្លងរីករាលដាលនៅប្រទេសម៉ាល់ឌីវ ហាក់ដូចជាបង្កការប៉ះពាល់ ដល់ផ្នែកសួតអ្នកជំងឺយ៉ាងខ្លាំង។
ប្រទេសម៉ាល់ឌីវ បានកត់ត្រាពីការស្លាប់ថ្មីៗដោយសារ COVID-19 ចំនួន ០៨នាក់នៅចន្លោះថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ ខណៈករណីប្រចាំថ្ងៃថ្មីៗមានចំនួនជាង ៧០០ករណី ចំពេលមានការផ្ទុះឡើងនូវរលកទី ៤ នៃការឆ្លងរីករាលដាលវីរុសដ៏កាចសាហាវនេះ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសម៉ាល់ឌីវដែលមានប្រជាជនសរុបជាង ៥៤០,០០០នាក់ បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៣៤,១៣៤ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៨២នាក់ និងអ្នកជាសះស្បើយចំនួន ២៥,៧៨២នាក់៕