(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក American Airlines នៅថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសពីការកែសម្រួល ជើងហោះហើរចម្ងាយឆ្ងាយចំនួន០២របស់ខ្លួន ចេញពីទីក្រុង Charlotte នៃរដ្ឋ North Carolina ដោយសារបញ្ហាប្រេងឥន្ធនៈ ដែលកើតឡើងព្រោះតែការបិទបណ្តាញផ្គត់ផ្គត់ឥន្ធនៈដ៏ធំមួយ នៅភាគខាងកើតសហរដ្ឋអាមេរិក ក្រោយបណ្តាញនេះរងការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។
អាកាសចរណ៍ American Airlines បានប្រកាសថា ជើងហោះហើរចម្ងាយឆ្ងាយចេញពីទីក្រុង Charlotte ទៅកាន់ទីក្រុង Honolulu នៃរដ្ឋ Hawaii នឹងត្រូវចូលចតមួយតង់សិននៅទីក្រុង Dallas នៃរដ្ឋ Texas ដែលតម្រូវឲ្យអ្នកដំណើរផ្លាស់ប្តូរយន្តហោះ មុនពេលបន្តដំណើរទៅទីក្រុង Honolulu។ រីឯជើងហោះហើរចម្ងាយឆ្ងាយមួយទៀតចេញពីទីក្រុង Charlotte ទៅកាន់ទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេសក៏ដូចគ្នាដែរ គឺនឹងត្រូវចូលចតនៅទីក្រុង Boston នៃ Massachusetts ដើម្បីចាក់សាំងបន្ថែម មុនបន្តឆ្ពោះទៅគោលដៅ។
គួរបញ្ជាក់ថា American Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍អាមេរិកដំបូងគេ ដែលបានរាយការណ៍អំពីការប៉ះពាល់ ដោយសារតែសកម្មភាពវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យា លើក្រុមហ៊ុនបណ្តាញផ្គត់ផ្គង់ឥន្ធនៈ Colonial Pipeline ដែលទទួលបន្ទុកដឹកជញ្ជូនប្រេងឥន្ធនៈសឹងតែពាក់កណ្តាល ដែលត្រូវបានប្រើប្រាស់នៅតាមបណ្តារដ្ឋបណ្តោយឆ្នេរភាគខាងកើត របស់សហរដ្ឋអាមេរិក៕