(បាងកក)៖ អ្នកសារព័ត៌មានមីយ៉ាន់ម៉ា០៣នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ បន្ទាប់ពីបានរត់ឆ្លងព្រំដែន ដើម្បីគេចពីការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។
ប្រធានផ្នែកកែសម្រួលអត្ថបទ នៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា ហៅកាត់ថា DVB លោក Aye Chan Naing បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទម្សិលមិញថា «ពួកគេត្រូវបានចាប់ខ្លួន នៅភាគខាងជើងនៃទីក្រុងឈៀងម៉ៃ កំលុងប្រតិបត្តិការឆែកឆេរដោយចៃដន្យមួយរបស់ប៉ូលិសថៃ និងត្រូវបានចោទប្រកាន់ពី បទលួចចូលមកប្រទេសថៃដោយខុសច្បាប់»។
លោក Aye Chan Naing បានបន្ថែមថា «ប្រព័ន្ធផ្សព្វផ្សាយ DVB សូមទទូចដល់អាជ្ញាធរថៃកុំឱ្យបញ្ជូនពួកគេ ត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ ព្រោះជីវិតរបស់ពួកគេនឹងស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ ប្រសិនបើពួកគេត្រូវវិលត្រឡប់ទៅវិញ»។ បើតាមលោក Aye Chan Naing អ្នកទាំង០៣ នឹងត្រូវបង្ហាញខ្លួននៅតុលាការនាថ្ងៃអង្គារនេះ។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពច្របូកច្របល់ ចាប់តាំងពីយោធាបានបណ្តេញមេដឹកនាំស៊ីវិល លោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) ចេញពីតំណែងកាលពីថ្ងៃទី០១ ខែកុម្ភះកន្លងទៅ ដែលបង្កឱ្យមានការបះបោរទ្រង់ទ្រាយធំមួយ ដោយប្រជាជននាំគ្នាចុះផ្លូវ ដើម្បីធ្វើបាតុកម្មតវ៉ាទាមទារលទ្ធិប្រជាធិបតេយ្យវិញ។
ចំណែក របបយោធា បានឆ្លើយតបដោយការប្រើកម្លាំងបាយ ដូចជាការបាញ់ប្រហារក្រុមបាតុករ ការចាប់ខ្លួនជនប្រឆាំង កំលុងប្រតិបត្តិការឆ្មក់បង្រ្កាបពេលយប់ៗ ហើយមិនតែប៉ុណ្ណោះ ក៏បានដាក់គោលដៅលើអ្នកសារព័ត៌មាន និងមជ្ឈមណ្ឌលព័ត៌មាន ដោយបិទការផ្សព្វផ្សាយរបស់ពួកគេផងដែរ។ មកទល់ពេលនេះ អ្នកកាសែតច្រើនជាង៧០នាក់ ត្រូវបានឃាត់ខ្លួននៅមីយ៉ាន់ម៉ា ក្នុងចំណោមមនុស្សសរុបជិត៥,០០០នាក់ បើតាមក្រុមឃ្លាំមើលស្ថានការណ៍នៅមីយ៉ាន់ម៉ា៕