(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ (CCSA) បានប្រកាសនៅរសៀលថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១នេះថា មនុស្សចំនួន ១,៩១៩នាក់ទៀតបានធ្វើតេស្តវិជ្ជមាន COVID-19 និងអ្នកជំងឺ ៣១នាក់បានបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។
បើតាមទិន្នន័យពី CCSA ទីក្រុងបាងកកបានរ៉ាប់រងករណីស្លាប់ច្រើនជាងគេ រហូតដល់ទី ១៧នាក់ ក្នុងចំណោមករណីស្លាប់ទាំង ៣១នាក់ខាងលើ។ សម្រាប់ករណីវិជ្ជមានថ្មីៗទាំង ១,៩១៩នាក់ គឺមានតែ ១៧នាក់ប៉ុណ្ណោះជាករណីនាំចូលពីបរទេស។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៨៦,៩២៤ករណី ក្នុងនោះមានអ្នកស្លាប់ ៤៥២នាក់ និងជាសះស្បើយវិញ ៥៧,០៣៧នាក់ ខណៈអ្នកជំងឺ ២៩,៤៣៥នាក់កំពុងសម្រាកព្យាបាល៕