(ហ្សឺណែវ)៖ មន្ត្រីជាន់នៃអង្គការសុខភាពពិភពលោក (WHO) បានថ្លែងថា ប្រជាជនចិនភាគច្រើនកំពុងរីករាយ ទៅនឹងអត្ថប្រយោជន៍នានា ដែលពួកគេកំពុងទទួលបាន បន្ទាប់ពីការគ្រប់គ្រងជំងឺរាតត្បាត COVID-19 ប្រកបដោយប្រសិទ្ធភាព។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។
លោក ម៉ៃខឺល រីយ៉ាន (Michael Ryan) នាយកផ្នែកកម្មវិធីសង្គ្រោះបន្ទាន់នៃ WHO បានថ្លែងដូចខាងលើនេះ នៅក្នុងឱកាសនៃការប្រារព្ធ ពិធីបុណ្យតន្ត្រីស្ត្ររប៊ឺរីប្រចាំឆ្នាំនៅទីក្រុងវូហាន (Wuhan Strawberry Music Festival) ដែលបានទាក់ទាញអ្នកទេសចរ និងអ្នកសារព័ត៌មានបរទេស ឲ្យចាប់អារម្មណ៍ចំពោះទីក្រុង ដែលធ្លាប់រងគ្រោះធ្ងន់ធ្ងរជាងគេលើសកលលោក ដោយសារតែការចាប់ផ្តើមរាតត្បាតជំងឺ COVID-19 កាលពីចុងឆ្នាំ២០១៩។
លោក ម៉ៃខឺល រីយ៉ាន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងកត់សម្គាល់ឃើញថា ប្រទេសចិន និងប្រទេសមួយចំនួនទៀត ដែលមានករណីឆ្លងរាតត្បាត (COVID-19) ក្នុងកម្រិតទាប ពួកគេនៅតែបន្តការប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការឃ្លាំមើលការផ្ទុះករណីឆ្លង ជាចង្កោមម្តងម្កាល។ ប្រទេសទាំងនោះបានចាត់វិធានការយ៉ាងឆាប់រហ័ស នៅពេលពួកគេឃើញការផ្ទុះករណីឆ្លងជាចង្កោម ដើម្បីបង្កើនកម្រិតនៃការគ្រប់គ្រង»។
បន្ថែមពីខាងលើនេះ អ្នកជំនាញផ្នែកបច្ចេកទេសដឹកនាំនៃ WHO លោកស្រី ម៉ារីយ៉ា វ៉ាន កឺខូវ (Maria Van Kerkhove) បានលើកឡើងថា ប្រទេសចិន និងប្រទេសមួយចំនួនទៀត បានបង្ហាញប្រាប់ពិភពលោកថា «ជាមួយនិងវិធីសាស្រ្តគ្រប់ជ្រុងជ្រោយមួយ ដែលត្រូវបានមើលឃើញគ្រប់ទម្រង់ទាំងអស់ យើងពិតជាអាចធ្វើឱ្យវា (ជំងឺរាតត្បាត COVID-19) ធ្លាក់ចុះ។ អ្វីដែលយើងបានឃើញនៅ វូហាន និងផ្នែកមួយចំនួនទៀតនៃពិភពលោក គឺសបញ្ជាក់ឲ្យយើងឃើញយ៉ាងច្បាស់ អំពីដំណើរការការងារប្រកបដោយប្រសិទ្ធភាព នៅក្នុងការទប់ទល់ COVID-19 បើទោះបីជាគ្មានវ៉ាក់សាំងក៏ដោយ»។
បើតាមមន្ត្រីជាន់ខ្ពស់់ WHO ដំណើរការគ្រប់គ្រងស្ថានការណ៍ COVID-19 ដ៏ល្អប្រសើរទាំងនោះរួមមានដូចជា ការយកចិត្តទុកដាក់តាមដានករណីឆ្លង និងករណីពាក់ព័ន្ធ, ការផ្តល់ការថែទាំងដល់អ្នកជំងឺដែលស្ថិតក្នុងការព្យាបាល, ការដាក់អ្នកមានរោគសញ្ញាស្រាល ឬរោគសញ្ញាធ្ងន់ ឲ្យនៅដាច់ដោយឡែក និងការបង្កើតប្រព័ន្ធតាមដានរកប្រភពចម្លងជាដើម៕