(ស៉ីដនី)៖ ការស្ទង់មតិមួយធ្វើឡើងរួមគ្នាដោយ សាកលវិទ្យាល័យពីរនៅប្រទេសអូស្រ្តាលី បានរកឃើញថា ប្រជាជនអូស្រ្តាលី៧៣ភាគរយ នឹងគាំទ្រចំពោះការតម្រូវឲ្យចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាកំហិត សម្រាប់វិស័យការងារ អប់រំ និងធ្វើដំណើរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។
ការស្ទង់មិតខាងលើ ត្រូវបានធ្វើឡើងដោយ សាកលវិទ្យាល័យរដ្ឋអូស្រ្តាលីខាងលិច UWA និងសាកលវិទ្យាល័យស៉ីដនី ហើយចេញផ្សាយកាលពីថ្ងៃចន្ទសប្តាហ៍នេះ។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការស្ទាបស្ទង់មិតមនុស្ស១,២០០នាក់ ហើយរកឃើញថា ភាគច្រើនគាំទ្រការកំណត់ឲ្យចាក់វ៉ាក់សាំងជាកំហិត។
លទ្ធផលរកឃើញដទៃទៀត រួមមានដូចជា អ្នកស្ទង់មតិ៦៦ភាគរយ នឹងយល់ព្រមចាក់វ៉ាក់សាំង COVID-19 ដោយស្ម័គ្រចិត្ត, ២៥ភាគរយ ស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង, ៧០ភាគរយ ព្រួយបារម្ភថាវ៉ាក់សាំង COVID-19 ប្រហែលត្រូវបានអភិវឌ្ឍឡើងឆាប់រហ័សខ្លាំងពេក ខណៈមានត្រឹមតែ០៩ភាគរយប៉ុណ្ណោះ ដែលថានឹងមិនចាក់វ៉ាក់សាំងដាច់ខាត។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ប្រទេសអូស្រ្តាលីចាក់វ៉ាក់សាំង COVID-19 បាន២.៧៣លានដូស ប៉ុន្តែមិនមានការបញ្ជាក់ថា ដូសទី១ត្រូវចាក់បានប៉ុន្មាន និងដូសទី២ត្រូវចាក់បានប៉ុន្មានឡើយ។ អូស្រ្តាលីមានប្រជាជនសរុបជាង២៥លាននាក់៕