(ប៉េកាំង)៖ ពេលនេះចិនកំពុងត្រៀមចេញ «បេសកកម្មដឹកជញ្ជូនសម្ភារៈ» ដែលជាផ្នែកនៃការសាងសង់ស្ថានីយអវកាសរបស់ខ្លួន បន្ទាប់ពីបានបញ្ជូនកំណាត់បន្ទប់ស្នូល នៃស្ថានីយអវកាសនោះ ឡើងទៅកាន់ទីអវកាសរួចរាល់ហើយ កាលពីប៉ុន្មានសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅល្ងាចថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។
ក្នុងបេសកកម្មនោះ យានដឹកទំនិញ ធានចូវ-២ (Tianzhou-2) នឹងត្រូវបាញ់ឡើងទៅទីអវកាស តាមរយៈគ្រាប់រ៉ុក្កែត Long March ហើយត្រូវគេរំពឹងថា នឹងនាំយកសម្ភារៈចាំបាច់ដូចជា ស្បៀងអាហារ និងឈុតអវកាស ទៅកាន់កំណាត់បន្ទប់ស្នូល ធានហឺ (Tianhe) ដែលត្រូវបានបញ្ជូនឡើងទៅមុន កាលពីថ្ងៃទី២៨ ខែមេសា។ យ៉ាងណាមិញ ពេលវេលាជាក់លាក់ នៃការចេញបេសកកម្មនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
ស្ថានីយអវកាសចិន ដែលមានឈ្មោះផ្លូវការថា Tiangong ឬវិមានឋានសួគ៌ នឹងត្រូវការបេសកកម្មហោះឡើងទីអវកាសសរុបប្រហែល ១០ជើង ដើម្បីសម្រេចបានការផ្គុំឲ្យចេញជា រូបរាងពេញលេញនៅក្នុងទីអវកាស។ ចិនបានដាក់គោលដៅថា ការផ្គុំស្ថានីយអវកាសរបស់ខ្លួន នឹងរួចរាល់ជាស្ថាពរនៅមុនដំណាច់ឆ្នាំ២០២២។ វាត្រូវគេរំពឹងថា នឹងអាចស្ថិតនៅក្នុងគន្លងអវកាស បានរហូតដល់យ៉ាងហោច ១៥ឆ្នាំ។
ដោយសារតែស្ថានីយអវកាសអន្តរជាតិ ISS ដែលមានអាយុជាង ២ទសវត្សរ៍មកហើយ អាចនឹងត្រូវចូលនិវត្តន៍ក្រោយឆ្នាំ២០២៨ ស្ថានីយអវកាសរបស់ប្រទេសចិន អាចនឹងក្លាយជាមូលដ្ឋានតែមួយគត់របស់មនុស្ស នៅក្នុងគន្លងអវកាសផែនដី។ កន្លងមកចិនមិនមែនជាដៃគូ ក្នុងកម្មវិធីស្រាវជ្រាវនៅស្ថានីយអវកាសអន្តរជាតិ (ISS) នោះទេ តែទោះជាយ៉ាងណា ចិនបានបង្ហាញការស្វាគមន៍ ប្រសិនបើអន្តរជាតិចង់សហការ ពាក់ព័ន្ធស្ថានីយអវកាសថ្មីរបស់ខ្លួននេះ៕