(វែលលីងតុន)៖ រដ្ឋមន្រ្តីឆ្លើយតបស្ថានការណ៍ជំងឺ COVID-19 នៃប្រទេសនូវែលសេឡង់ លោក Chris Hipkins បាននិយាយនៅថ្ងៃពុធនេះថា រដ្ឋាភិបាលនូវែលសេឡង់ បានបោះទុនវិនិយោគទឹកប្រាក់ចំនួន ១.៤ពាន់លានដុល្លារនូវែលសេឡង់ ឬស្មើប្រហែល ១ពាន់លានដុល្លារអាមេរិក សម្រាប់កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដើម្បីធានាថាការចាក់វ៉ាក់សាំងទៅប្រព្រឹត្តទៅដោយឥតគិតថ្លៃ និងសម្រាប់ប្រជាជនគ្រប់រូបនៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។
លោក Hipkins បានគូសបញ្ជាក់ថា ទឹកប្រាក់ចំនួន ១.៤ពាន់លានដុល្លារនូវែលសេឡង់នេះ គឺជាការបោះទុនវិនិយោគជាលើកដំបូងហើយ ដែលរដ្ឋាភិបាលនូវែលសេឡង់បានបម្រុងទុកអស់រយៈពេលជាង ០២ឆ្នាំសម្រាប់ទិញវ៉ាក់សាំង និងកម្មវិធីចាក់វ៉ាក់សាំង។
លោក Hipkins បានគូសបញ្ជាក់បន្ថែមថា «កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 គឺជាគន្លឹះសំខាន់ក្នុងការធានាឲ្យបាននូវការស្តារសេដ្ឋកិច្ចរបស់យើងឡើងវិញ។ ការចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធិភាព នឹងបើកឱកាសសេដ្ឋកិច្ច និងអនុញ្ញាតឱ្យប្រទេសរបស់យើងបើកព្រំដែនឡើងវិញដោយសុវត្ថិភាព»។
គួរបញ្ជាក់ថា ប្រទេសនូវែលសេឡង់បានត្រៀមវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនដល់មនុស្សគ្រប់ៗគ្នានៅទូទាំងប្រទេសដោយឥតគិតថ្លៃ និងដើម្បីផ្ដល់ការផ្គត់ផ្គង់ដល់ប្រទេសជិតខាងនៅតំបន់ប៉ាស៊ីហ្វិកផងដែរ៕